មាសគឺជារបស់មួយដែលមនុស្សយើងនិយមវិនិយោគតាំងពីសម័យបុរណារហូតមកដល់បច្ចុប្បន្ន។ ហើយនៅសង្គមខ្មែរយើង ចាស់ៗ អ៊ុំ ពូមីង យាយតាតែងតែចូលចិត្តទិញមាសទុក។ តាមពិតទៅមានហេតុផលមួយចំនួនដែលចាស់ៗចូលចិត្តទិញមាសហើយវាគឺជាជម្រើសវិនិយោគមួយល្អដូចខាងក្រោមនេះ
១. ងាយស្រួលទិញលក់
មាសគឺជារបស់មួយដែលងាយស្រួលទិញលក់បំផុតបើធៀបនឹងទ្រព្យផ្សេងៗទៀត។ ជាក់ស្ដែងប្រសិនបើគ្រួសារអ្នកជួបបញ្ហាត្រូវការលុយបន្ទាប់ភ្លាមៗហើយអ្នកមានមាសនោះអ្នកអាចលក់មាសចេញបានភ្លាមដើម្បីបានសាច់ប្រាក់យកមកប្រើប្រាស់តាមតម្រូវការ។
២. រក្សាតម្លៃបានល្អ
មាសគឺជាទ្រព្យដែលអាចរក្សាតម្លៃបានល្អ(Store of value) ដូច្នេះហើយពេលមានវិបត្តិសេដ្ឋកិច្ចឬសង្រ្គាមមនុស្សតែងតែចូលចិត្តទិញមាសទុកហើយមាសក៏ត្រូវប៉ាន់ព្រោះវាអាចរក្សាតម្លៃបានល្អ។ ត្រង់នេះក្នុងកាលៈទេសៈខ្លះ ពេលមានវិបត្តិរូបិយប័ណ្ណអាចបាត់បង់តម្លៃប៉ុន្ដែមាសនៅតែអាចរក្សាតម្លៃវាបានដដែល។
៣. ជាក្បួនសន្សំទ្រព្យ
តាមពិតទៅអ៊ុំ ពូមីង យាយតាចូលចិត្តទិញមាសទុកព្រោះតែនេះគឺជាក្បួនសន្សំទ្រព្យរបស់ពួកគាត់។ ពេលខ្លះបើពួកគាត់រកលុយបានហើយមានលុយជាប់ខ្លួននោះ ពួកគាត់ងាយនឹងចាយលុយទៅលើរឿងដែលមិនចាំបាច់។ ដូច្នេះហើយពេលរកលុយបាន ពួកគាត់លុយទៅទិញមាសទុកជាទ្រព្យ។
៤. ប្រឆាំងអតិផរណា
មាសគឺជារបស់ដែលអាចប្រឆាំងនឹងអតិផរណា។ ជាទូទៅពេលអតិផរណាកើនឡើង លុយរបស់អ្នកនឹងបាត់បង់តម្លៃដូច្នេះអ្នកគួរយកលុយទៅវិនិយោគលើមាសដើម្បីកុំឲ្យអតិផរណាស៊ីលុយរបស់អ្នក៕