យោងតាមក្រសួងមហាផ្ទៃបានឱ្យដឹងថាត្រឹមរយៈពេល៣ខែដើម ពោលចាប់ពីដើមខែកញ្ញា រហូតដល់ពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្មវិធីអាកាសចរណ៍ Cambodia e-Arrival មានអ្នកទាញយកប្រើប្រាស់ ជាង៥៤ម៉ឺននាក់ ខណៈកម្មវិធីនេះគឺដើម្បី រួមចំណែកបង្កភាពងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងការចេញចូលព្រលានយន្តហោះកម្ពុជា។
ក្នុងនោះអ្នកចូលទៅបំពេញបែបបទចេញ និងចូលប្រទេសមានប្រទេសមាណជាង ៣លាន ១សែននាក់ ទាំងអ្នកបំពេញពីចំងាយ និងអ្នកមកបំពេញផ្ទាល់នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ។
សម្រាប់ប្រព័ន្ធ Cambodia e-Arrival នេះដែរអ្នកដំណើរ អាចចូលទៅបំពេញព័ត៌មានខ្លីៗតាមអនឡាញ រួមមាន៖ ១.ការប្រកាសសុខភាពរបស់សុខាភិបាល, ២.ការស្នើសុំទិដ្ឋាការពេលមកដល់របស់ អន្តោប្រវេសន៍, ៣.សលាកបត្រចូល-ចេញរបស់អន្តោប្រវេសន៍, និង ៤.ការប្រកាសរបស់គយ ដោយការប្រើប្រាស់ Cambodia e-Arrival នេះសាធារណជន ឬ អ្នកដំណើរជាតិ និងអន្តរជាតិ អាចចូលបំពេញបាន៧ថ្ងៃមុនថ្ងៃចេញដំណើរ និងអាចប្រើបានចំនួន៧ភាសា។
គួរជម្រាបផងដែរថានាពេលបច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិ ដែលកំពុងដំណើរការប្រព័ន្ធ Cambodia e-Arrival ជូនភ្ញៀវបំពេញបែបបទនោះ រួមមាន អាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្ត ព្រះសីហនុ៕
អត្ថបទដោយ៖ ពីង ជូអេង