នៅត្រីមាសទី១ នៃឆ្នាំ២០២៥ នេះ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានចូលក្នុងកញ្ចប់ថវិកាជាតិបានប្រមាណ ១ ២៥៣,៨៧លានដុល្លារអាមេរិក ចំណូលនេះស្មើនឹង៣០,៨៨% នៃផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ នេះបើតាមការដកស្រង់ចេញពី ក្រសួងព័ត៌មាន។
នៅក្នុងចំណោមចំណូលដែលប្រមូលបាន ១ ២៥៣,៨៧លានដុល្លារ គឺមាន ៤ ០៩២,៤១ពាន់លានរៀល ដែលស្មើនឹង៨១,៣៩% ដែលបានពីការប្រមូលពន្ធអាករអ្នកជាប់ពន្ធធំ។ សម្រាប់ចំណូលពីអ្នកជាប់ពន្ធមធ្យមវិញនោះ គឺពន្ធដារប្រមូលបាន៧៣៧,៩១ ពាន់លានរៀល ស្មើនឹង១៤,៦៨ ភាគរយ ចំណែកចំណូលពន្ធអាករពីអ្នកជាប់ពន្ធតូច ប្រមូលបាន៣៣,៤៧ ពាន់លានរៀល ស្មើនឹង០,៦៧ភាគរយ។
ក្នុងរយៈពេលនេះ ចំណូលអាករពីប្រភេទពន្ធផ្សេងៗ (ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និងពន្ធផ្សេងៗ) អគ្គនាយកដ្ឋានប្រមូលបាន ១៦៤,២០ពាន់លានរៀល ស្មើនឹង៣,២៧ភាគរយ នៃចំណូលអាករសរុប នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំពោះប្រភេទចំណូលពន្ធសំខាន់ៗ ដែលពន្ធដារប្រមូលបានសម្រាប់ទ្រទ្រង់ការចំណាយរបស់រដ្ឋាភិបាលនោះ មានពន្ធលើប្រាក់ចំណូលចំនួន ២ ៣៣២,៧០ពាន់លានរៀល អាករលើតម្លៃបន្ថែមចំនួន ៩០២,៤០ពាន់លានរៀល អាករពិសេសចំនួន ២០៤ពាន់លានរៀល ពន្ធប្រថាប់ត្រាសរុប( ផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ)ចំនួន១៤៤,២៥ពាន់លានរៀល។ ពន្ធកាត់ទុកទូទៅចំនួន ៨៥៤,៩៥ពាន់លានរៀល និងចំណូលពន្ធផ្សេងៗមានចំនួន១៨៣,៣៦ពាន់លានរៀល៕