នេះជារឿងល្អមួយ ខណៈឆាប់ៗខាងមុខនេះ ប.ស.ស គ្រោងនឹងដាក់ឱ្យដំណើរការទីតាំងផ្ដល់សេវាសាធារណៈរបស់ខ្លួននៅតាមបណ្ដាផ្សារទំនើបក្នុងរាជធានីភ្នំពេញ ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលចង់ដឹងពីសេវាកម្មរបស់ប.ស.សនឹងលែងពិបាកទៀតហើយ។
ជាក់ស្តែង កាលពីព្រឹកមិញនេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានបើកកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែកក្កដា ដោយបានថ្លែងបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខនេះ ប.ស.ស. គ្រោងនឹងរៀបចំដាក់ឱ្យដំណើរការទីតាំងផ្ដល់សេវាសាធារណៈរបស់ខ្លួនបន្ថែមទៀត នៅតាមបណ្ដាផ្សារទំនើប និងផ្សារនានា ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍បន្ថែមថា ការដាក់ឱ្យដំណើរការនូវទីតាំងផ្តល់សេវាសាធារណៈ នៅតាមផ្សារទំនើបនេះ គឺដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមាជិក ប.ស.ស. ក្នុងការមកទទួលសេវានៅទីតាំងដែលជិត និងអាចកាត់បន្ថយពេលវេលាទទួលសេវារបស់ពួកគាត់ ថែមទាំងផ្ដល់ភាពងាយស្រួល កាន់តែជិត លឿនរហ័ស តម្លាភាព និងប្រកបដោយប្រសិទ្ធភាព៕