ផ្លូវមហាវិថីឈ្នះឈ្នះ ជាផ្លូវដ៏សំខាន់មួយដែលតភ្ជាប់រវាងផ្លូវជាតិលេខ ៦A ឆ្ពោះទៅស្ពានព្រែកព្នែក និងជាផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើរចូលទៅកាន់ពហុកីឡដ្ឋានជាតិមរតតេជោផងដែរ។ យ៉ាងណាមួយរយៈចុងក្រោយនេះស្ថានភាពផ្លូវហាក់មានភាពខូតខាតនៅចំណុចមួយចំនួន ដូច្នេះហើយនាពេលថ្មីៗ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកែលម្អឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាត្រៀមសម្រាប់ការរៀបចំកម្មវិធីប្រកួតស៊ីហ្គែម២០២៣ខាងមុខ។
តាមការបញ្ជាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ បានឱ្យដឹងថា កំណាត់មហាវិថីឈ្នះឈ្នះ ត្រូវ តែជួសជុលឡើងវិញឱ្យស្អាត ជាមួយនឹងការរៀបចិញ្ចើមផ្លូវ សួន និងការដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ហើយគម្រោងនេះត្រូវតែធ្វើឱ្យបានលឿន ពោលគឺត្រូវតែរួចរាល់នៅមុនព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។
ដោយឡែក លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់តាមរយៈក្រសួងព័ត៌មានបានឱ្យដឹងថា៖ កំណាត់មហាវិថីឈ្នះឈ្នះ ដែលត្រូវជួសជុលឡើង វិញនេះ មានប្រវែង ៧៣៤០ ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ៦Aរហូតដល់ស្ពានព្រែក ព្នៅ។
លោកបន្ដថា ការជួសជុសត្រូវចាក់បេតុងឆ្អឹងដែករួចអ៊ុតកៅស៊ូ(AC) ពីរស្រទាប់ ដាក់ប្រព័ន្ធលូចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ ៦A រៀបខឿន និងរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីតសងខាងផ្លូវ ជាមួយនឹងការងារគូសគំនូសសញ្ញាចរាចរណ៍ ,ដំឡើងផ្លាកសញ្ញាចរាចរណ៍, តម្លើងបង្គោលអគ្គិសនីបំភ្លឺផ្លូវនៅបណ្ដោយសងខាងផ្លូវនិងការរៀបសួនច្បារកណ្ដាលទ្រូងផ្លូវផងដែរ។
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ