ថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) សម្រាប់ទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត (ម៉ូតូកង់បី) និង ម៉ូតូកង់បួន ដែលអាចឲ្យម្ចាស់យាន្ដជំនិះជ្រើសរើសនូវលេខដែលខ្លួនពេញចិត្ដបាន។
ដូច្នេះបើចង់ប្តូរផ្លាកលេខ "រាជធានី-ខេត្ត" មកជា "កម្ពុជា" សម្រាប់ម៉ូតូ ម៉ូតូកង់បី ឬម៉ូតូកង់បួន ត្រូវបង់ថ្លៃ កម្រៃសេវាសម្រាប់៖
- ចុះបញ្ជីលេខពិសេស ១២០.០០០៛
- រក្សាទុកលេខរាជធានី-ខេត្ត ១.០០០.០០០៛
ក្នុងនោះសម្រាប់ការប្តូរផ្លាកលេខ "រាជធានី-ខេត្ត" មកជា "កម្ពុជា" គឺត្រូវបំពេញបែបបទស្នើសុំរក្សាទុកលេខចុះបញ្ជី “រាជធានី-ខេត្ត” ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារដូចជា ពាក្យសុំរក្សាទុកលេខចុះបញ្ជីយានជំនិះ,វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (លើកលែងទោចក្រយានយន្ត) អត្តសញ្ញាណម្ចាស់កម្មសិទ្ធិ។
សម្រាប់រូបវន្តបុគ្គល៖ ជាពលរដ្ឋខ្មែរត្រូវមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) រីឯជនបរទេស ត្រូវមាន លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន (ច្បាប់ដើមចេញដោយស្ថាប័នមានសមត្ថកិច្ច)។
សម្រាប់នីតិបុគ្គល៖ ត្រូវមានវិញ្ញាបនបត្រចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច) និងបណ្ណសម្គាល់យានជំនិះចាស់ និងផ្លាកលេខសម្គាល់យានជំនិះ (ច្បាប់ដើម)៕