ការរៀបចំបង្កើតគ្រួសារជ្រើសរើសគូស្រករជារឿងមួយផ្នែកដ៏ចំាបាច់នៃជីវិតរបស់មនុស្សគ្រប់ៗគ្នា។ ការជ្រើសរើសគូស្រករនេះដូចពាក្យចាស់លោកតែងពោលថា «សំណាបយោងដី ស្រីយោងបុរស» ដែលបង្ហាញអំពីឥទ្ធិពលនិងអំណាចរបស់ស្រ្តីទៅលើបុរសជាដៃគូ បើរកភរិយាត្រូវមនុស្សប្រុសរាប់ថាជោគជ័យ៥០%។
ដូច្នេះសម្រាប់ស្រ្តីដែលគេឱ្យតម្លៃថាឆ្អឹងខ្នងសង្គមនិងជាបង្គោលនៃសុភមង្គលគ្រួសារ នោះគឺតែងមានចរិតលក្ខណៈសម្បត្តិមាសពេជ្រចំនួន៣យ៉ាងនេះ ដែលអាចជួយយិតយោងឱ្យស្វាមីជោគជ័យលឿនបំផុត បើបុរសរើសជាប្រពន្ធហើយគឺមិនខាកបំណងឡើយក្នុងជីវិតអាពាហ៍ពិពាហ៍។
១. តែងតែជាទីប្រឹក្សា៖ ពិតណាស់ការដែលដៃគូមានចំណង់ចំណូលចិត្តដូចគ្នា គឺជាសំណាងមួយព្រោះលក្ខណៈសមស្របនឹងនាំឱ្យមានភាពរីកចម្រើន នៅលើសមត្ថភាពផ្លូវចិត្ត។ ប៉ុន្តែអ្វីដែលបុរសមានភោគលាភធំជាងត្រូវឆ្នោតទៅទៀតនោះ គឺមានភរិយាអាចជាទីប្រឹក្សាដ៏ល្អឯកគ្រប់កាលៈទេសៈ។
ស្រ្តីដែលអាចជាអ្នកប្រឹក្សារបស់បុរស ចេះណែនាំចំពោះរឿងណាដែលគួរពុំគួរក្នុងការប្រព្រឹត្តិ និងអាចសម្រាលបន្ទុកស្វាមីមិនថាកិច្ចការតូចធំក្នុងឬក្រៅអំពីធុរកិច្ចក្តី ថែមទាំងជាស្រ្តីដែលអាចបំផុសគំនិត ជ្រោមជ្រែងស្វាមី និងជាមនុស្សដែលពូកែយល់ចិត្តបំផុតក្នុងសង្គមគ្រួសារ។
២. ជាដៃស្តាំស្វាមីខ្វះមិនបាន៖ មនុស្សស្រីដែលមានសម្រស់មានច្រើនលើសលប់តែស្រ្តីដែលមានសោភ័ណគឺត្រូវប្រើពេលវេលាដើម្បីវិនិច្ឆ័យ។ មនុស្សស្រីដែលអស្ចារ្យមិនប្រាកដថាជាកុលស្រ្តី ប៉ុន្តែភាពឆ្លាតវៃទំនុកចិត្ត សមត្ថភាពខ្ពស់អាចដោះស្រាយបញ្ហាចំពោះមុខ អាចជាកម្លាំងរុញច្រានដ៏មហិមានិងក្លាយជាដៃស្តាំដ៏មានឥទ្ធិពលមួយរូបក្នុងជីវិតស្វាមី។
ត្រង់ចំណុចនេះស្រ្តីអាចក្លាយជាអ្នកជំនួសតំណែងស្វាមីក្នុងភារកិច្ចនានា និងអាចជំនួសដៃស្វាមីដោយមានការអត់ធ្មត់ខ្ពស់បំផុតដែលនេះជាតំណែងខ្ពស់បំផុតរបស់ភរិយា ក្នុងហរទ័យរបស់បុរសជាស្វាមី។
៣. សម្តីបង្កប់ឥទ្ធិពល៖ ដំណើរជីវិតមានឡើងមានចុះបើត្រឹមពាក្យមួយឃ្លាពីទីប្រឹក្សាដ៏ល្អឯកមួយរូបមានឥទ្ធិពលយ៉ាងអស្ចារ្យនៅពេលដែលកំពុងជួបការលំបាក បរាជ័យឬបាក់ទឹកចិត្តអាចយិតយោងស្វាមីឱ្យងើបឡើងវិញ នេះជាគុណសម្បត្តិដ៏មហស្ចារ្យក្នុងនាមជាប្រពន្ធ។
ប្រភេទភរិយាមាសពេជ្រគឺមិនដែលស្តីបន្ទោស តែងតែមានអធ្យាស្រ័យខ្ពស់ ព្រមជាមួយនិងពាក្យសម្តីលើកទឹកចិត្តបន្ថែមនៅគ្រប់វិនាទីទាំងអស់។ ម្យ៉ាងវិញទៀតពេលជោគជ័យក៏ស្រ្តីប្រភេទនេះមានមោទកភាពលើបុរសជាដៃគូរបំផុតដោយមិនរំពឹងទទួលផលតបស្នងនោះឡើយ។
ជារួមមកវិញ ស្រ្តីដែលជាទ្រព្យសម្បត្តិដ៏មហាសាលរមែងតែងមានបុរសដែលអាចជាទីពំនាក់អាស្រ័យ មេត្តាក្នុងចិត្ត មិនក្រោវក្រោធច្រើន ទើបអាចទទួលបាននូវប្រភេទភរិយាមាសពេជ្រទាំងនេះបានដូចគ្នា ពោលគឺទាមទារឱ្យភាគីទាំងសងខាងមានចិត្តវិជ្ជមានចំពោះគ្នានិងចូរប្រតិបត្តិជាអ្នកផ្តល់ឱ្យទៅតាមលក្ខណៈជាក់ស្តែងក្នុងកាលៈទេសៈណាមួយ៕