មានទស្សនៈជាច្រើនលើកឡើងថា លុយមិនអាចទិញសុភមង្គលបានឡើយ ប៉ុន្តែកញ្ញា Kate Campbell និងលោក Owen Rask ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុជនជាតិ អូស្ត្រាលី បែរជាអះអាងចំៗថា ការពិតលុយអាចទិញសុភមង្គលបាន និងបានបង្ហើបក្បួនចាយលុយទាំង ៧យ៉ាង ជួយឲ្យជីវិតមានក្តីសុខ ដូចខាងក្រោម៖
១/. ទិញបទពិសោធន៍ឱ្យច្រើនជាងទិញសម្ភារៈថ្មីៗ៖ ចាយលុយទៅលើការរៀនសូត្រ ឬការសាកល្បងក្នុងសកម្មភាពថ្មីៗ អាចជួយឱ្យអ្នកទទួលបានបទពិសោធន៍កាន់តែច្រើន វាល្អជាងការដែលចាយលុយទៅទិញរបស់ទំនើប ឬដូរស៊េរីទូរស័ព្ទថ្មីជាដើម។
២/. ប្រើលុយដើម្បីប្រយោជន៍អ្នកដទៃជាជាងខ្លួនឯង៖ អ្នកជំនាញទាំងពីររូបខាងលើ យកចិត្តទុកដាក់ចំពោះទុក្ខលំបាកមនុស្សជុំវិញខ្លួន ដូច្នេះពួកគេតែងចែករំលែកទៅដល់មនុស្សគ្រប់គ្នា។ ជាពិសេសគឺចែករំលែកចំណេះដឹងដោយមិនគិតលុយ។
៣/. ផ្គាប់ចិត្តខ្លួនឯងដោយរបស់តិចតួច ជាជាងរបស់ថ្លៃទំនើប៖ មនុស្សគ្រប់រូបចៀសមិនផុតពីត្រូវការរង្វាន់លើកទឹកចិត្ត ប៉ុន្តែពុំមែនមានន័យថា រង្វាន់នោះទាល់តែជារបស់ទំនើប ដូចជាទូរស័ព្ទ ឬឡានស៊េរីថ្មីឡើយ។ រង្វាន់លើកទឹកចិត្តដែលទិញឱ្យខ្លួនឯងពេលសម្រេចកិច្ចការសំខាន់អ្វីមួយបានល្អ អាចជារបស់ណាដែលជួយបំពេញតម្រូវការរស់នៅប្រចាំថ្ងៃបាន មិនមែនទាល់តែរបស់ថ្លៃៗនោះទេ។
៤/. ពន្យាពេលការប្រើប្រាស់៖ ប្រសិនបើឃើញរបស់អ្វីមួយទាក់ចិត្ត អ្នកទាំង២ តែងពន្យាពេលក្នុងការសម្រេចចិត្តទិញ ព្រោះថាមិនចង់ឱ្យអារម្មណ៍មួយឆាវធ្វើឱ្យខាតលុយឡើយ។ ពួកគេសាកល្បងទុកពេលឱ្យខ្លួនឯង យ៉ាងហោចណាស់ ៧ថ្ងៃសិន ដើម្បីពិនិត្យឱ្យច្បាស់ថា តើរបស់ទាំងនោះចាំបាច់មែនឬអត់។
៥/. មុននឹងទិញរបស់មួយគិតសិនថា តើវាសំខាន់សម្រាប់ជីវិតរស់នៅប៉ុនណា៖ មែនទែនទៅ អ្នកជំនាញហិរញ្ញវត្ថុទាំង២រូបនេះ គឺមានទម្លាប់ឱ្យតម្លៃទៅលើរបស់ណាដែលជាតម្រូវការចាំបាច់ ដូច្នេះមុននឹងទិញអ្វីមួយពួកគេតែងតែលើកជាសំណួរថា តើទិញវាយកទៅធ្វើអ្វី?
៦/. ព្យាយាមថែរក្សារបស់ ជាជាងខូចហើយទិញថ្មី៖ ប្រើប្រាស់របស់ដែលមាននៅក្នុងផ្ទះដោយការប្រុងប្រយ័ត្ន ទើបវាមិនឆាប់ខូច និងមិនចាំបាច់ខាតលុយទិញថ្មីញឹកញាប់។
៧/. ប្រៀបធៀបទំនិញមុននឹងទិញ៖ ប្រសិនបើចង់ទិញទំនិញអ្វីមួយ អ្នកទាំងពីរតែងធ្វើការប្រៀបធៀបទំនិញទាំងនោះជាមួយនឹងម៉ាកយីហោប្រភេទផ្សេងៗគ្នា ដើម្បីឱ្យដឹងថា មួយណាគុណភាពល្អជាង មួយណាតម្លៃសមរម្យជាង មួយណាប្រើបានយូរជាង មួយណាទិញទៅចំណេញជាង។
ក្នុងនោះ កញ្ញា Kate Campbell និងលោក Owen Rask បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «នៅពេលដែលអ្នកចាយលុយត្រូវខ្ទង់ អ្នកមិនខ្ជះខ្ជាយលើរបស់ឥតបានការ អ្នកយល់ច្បាស់ពីផ្លូវដែលគួរចាយ ពេលនោះហើយដែលរាល់ការចាយលុយរបស់អ្នកអាចទិញយកសុភមង្គលមកបាន»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook