ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានពិភាក្សានៅក្នុងសភា ត្រៀមច្បាប់ហាមឃាត់មិនឱ្យកុមារអាយុក្រោម១៦ឆ្នាំប្រើបណ្តេញសង្គម ខណៈពេលដែលច្បាប់នេះជាការគ្រប់គ្រងដ៏លំបាកបំផុតមួយ របស់រដ្ឋាភិបាលប្រទេសនានាកំពុងជួបប្រទះនិងព្យាយាមទប់ស្កាត់។
ក្នុងនោះរដ្ឋាភិបាលអូស្រ្តាលី ក៏គ្រោងនឹងផាកពិន័យធ្ងន់ធ្ងន់ជាមួយនឹងទំហំទឹកប្រាក់ ប្រមាណ៣២លានដុល្លារអាមេរិកសម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើសហើយ បំពានច្បាប់ជាប្រព័ន្ធ។ ត្បិតប្រព័ន្ធផ្សព្វផ្សាយសង្គមហួសកម្រិត កំពុងបង្កហានិភ័យដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ ពិសេសហានិភ័យចំពោះក្មេងស្រីពីការបង្ហាញរូបភាពរាងកាយដែលបង្កគ្រោះថ្នាក់ និងខ្លឹមសារខុសឆ្គងលើក្មេងប្រុស។
តាមការឱ្យដឹងពីនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា "នេះគឺជាកំណែទម្រង់ដ៏សំខាន់មួយ ដែលយើងដឹងថាក្មេងមួយចំនួននឹងស្វែងរកដំណោះស្រាយគេចវេស ប៉ុន្តែយើងកំពុងផ្ញើសារទៅកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗហើយ ដើម្បីឱ្យពួកគេកែសម្រួលប្រព័ន្ធក្រុមហ៊ុនឡើងវិញអំពីបញ្ហាកុមារលើបណ្តេញសង្គមនេះ" ។
បន្ថែមពីនោះ លោក Albanese ក៏បានបញ្ជាក់ថា កុមារនឹងនៅតែអាចចូលប្រើប្រាស់លើផ្ញើសារ និងសេវាកម្មទាក់ទងនឹងសុខភាព ការអប់រំ ក៏ដូចជាវេទិកាជំនួយសុខភាពផ្លូវចិត្តរបស់យុវជន Headspace , Google Classroom និង YouTube ជាដើមបាន។
យ៉ាងណាមិញចំពោះច្បាប់ហាមឃាត់កុមារនេះ នៅប្រទេសបារាំងក៏មានការស្នើឱ្យអនុវត្តទៅលើកុមារដែលមានអាយុក្រោម១៥ឆ្នាំ ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរកាលពីឆ្នាំមុន ប៉ុន្តែការហាមឃាត់នេះលុះត្រាតែមានការយល់ព្រមពីឪពុកម្តាយពួកគេ។
ដោយឡែកបច្ចុប្បន្នរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏កំពុងខ្នះខ្នែងទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំជាច្រើនដូចជា Facebook, Tik tok រឹតបណ្តឹងទិន្នន័យរបស់កុមារអាយុក្រោម១៣ឆ្នាំ កំពុងប្រើបណ្តេញសង្គមដែរ ក្រោយមានឪពុកម្តាយជាច្រើនប្តឹងតុលាការអាមេរិក អំពីមរណភាពកូនពួកគេ ដែលបណ្តាលមកពីបណ្តេញសង្គម៕
អត្ថបទដោយ៖ ពីង ជូអេង