ឃើញស្នែងគោស្នែងក្របី សល់ចោល ស្រ្តី១រូប ចាយទុន៤០ម៉ឺន៛ ច្នៃចេញជារបស់មានតម្លៃភ្ញៀវបរទេសទិញឥតដាច់
ធី ស្រីល័ក្ខMARCH 20 20231.1 K views

ធម្មតាយើងធ្លាប់តែឃើញថាស្នែងគោ ស្នែងក្របីភាគច្រើនគេយកទៅបោះចោលឬទុកចោលអីជាដើម ហើយការបោះចោលបែបនេះវាធ្វើឱ្យមានក្លិនមិនល្អនិងខូចបរិស្ថានផងដែរ ដោយសារតែមិនចង់ឱ្យប៉ះពាល់ដល់បរិស្ថាន ស្រ្តីខ្មែរ១រូប (គ្រួសារមួយនៅខេត្តព្រៃវែង។)បានច្នៃរបស់ដែលគេទុកចោលមកធ្វើជាវត្ថុអនុស្សាវរីយ៍រហូតធ្វើឱ្យភ្ញៀវបរទេសគាំទ្រនិងទិញឥតដាច់ផងដែរ។

លោកស្រី គួន ចន្តា បច្ចុប្បន្នគឺជាម្ចាស់ (អ្នកគ្រប់គ្រង) ហាងសុមនា ផលិតផលស្នែង ដែលពីអតីតកាលលោកស្រីធ្លាប់រស់នៅក្នុងភូមិមួយដែលត្រូវបានគេយកស្នែងគោស្នែងក្របីមកបោះបង់ចោលភាយក្លិនស្អុយនិងមានសត្វល្អិតរោម ព្រោះមិនចង់ឃើញភូមិដែលខ្លួនរស់នៅក្នុងបរិដ្ឋានបែបនេះ លោកស្រី(និងគ្រួសារលោកស្រី។)បានសម្រេចចិត្តទៅរៀនពីវិធីច្នៃស្នែងគោ ស្នែងក្របីពីអង្គការមួយដើម្បីប្រែរបស់ទាំងនោះមកក្លាយជារបស់មានតម្លៃ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកស្រី គួន ចន្តា ដែលជាអ្នកគ្រប់គ្រងហាងសុមនា ផលិតផលស្នែង បានបង្ហើបពីសាវតារបស់ខ្លួនថា គ្រួសារលោកស្រីមានដើមកំណើតមកពីខេត្តព្រៃវែងហើយអំឡុងឆ្នាំ៩០ ស្នែងគោស្នែងក្របីប្រជាជនភាគច្រើនយកទៅបោះចោលហើយវាមានក្លិនមិនល្អឡើយ ហើយកាលដំបូងៗលោកស្រីពិតជាមិនចង់រវីរវល់ជាមួយរឿងនេះទេ តែទុកកាន់តែយូរវាពិតជារំខានដល់ការរស់នៅប្រចាំថ្ងៃយើងខ្លាំងណាស់។

លោកស្រីដែលជាអ្នកគ្រប់គ្រងហាងសុមនា ផលិតផលស្នែង បានបន្តទៀតថា ដោយសារតែចង់បំបាត់ក្លិនមិនល្អទាំងអស់នេះចោល ក្នុងឆ្នាំ ១៩៩៨ លោកស្រីនិងស្វាមីបានទៅទទួលការបង្រៀនពីអង្គការមួយនៅខេត្តព្រៃវែង ដែលបានរៀនកែច្នៃស្នែងទៅជាគ្រឿងអនុស្សាវរីយ៍និងគ្រឿងសង្ហារិមផងដែរ។

ស្រ្តីខ្មែរ១រូបនេះ បានបន្ថែមថា នៅពេលដែលចេះជំនាញនេះដំបូងៗអ្នកស្រីពុំទាន់បើកអាជីវកម្មភ្លាមៗទេ ពោលអ្នកស្រីជាមួយស្វាមីបានដើរធ្វើការឱ្យគេសិន ធ្វើការបានមួយរយៈធំលោកស្រីឃើញថាហត់នឿយនឹងធ្វើការឱ្យគេពេក លោកស្រីព្រមទាំងស្វាមីបានសម្រេចចិត្តសាកល្បងបើកអាជីវកម្មច្នៃស្នែងនេះជាលក្ខណៈតូចតាចសិនក្នុងឆ្នាំ២០០២ ដោយផ្តើមពីទុនត្រឹម ៤០ម៉ឺនរៀលប៉ុណ្ណោះ។

លោកស្រីចន្តា បានបង្ហើបថា ពេលបើកដំបូងៗពិតជាលំបាកខ្លាំងណាស់សម្រាប់គ្រួសារលោកស្រី ព្រោះកាលជំនាន់នោះពុំសូវមានប្រជាជនគេស្កាល់និងគាំទ្រទេ ទៀតសោតនោះដើមទុនដែលលោកស្រីបានចាប់ផ្តើមតិចតួចពេក រហូតពេលខ្លះលក់វត្ថុទាំងនោះមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានទេ។

១១

តែដោយសារតែស្រលាញ់ និងរកស៊ីរបរនេះដោយមានគោលដៅ លោកស្រីចិន្តានឹងស្វាមីមិនព្រមចុះចាញ់ឡើយ ដោយលោកស្រីខំប្រឹងពីមួយថ្ងៃទៅមួយថ្ងៃ រហូតអាចទាក់ចិត្តដល់ភ្ញៀវបរទេសក៏ដូចគ្នាប្រជាជនកម្ពុជាផងដែរ។ នៅក្នុងនោះដែរ ហាងរបស់លោកស្រីបានច្នៃស្នែងគោ ស្នែងក្របី ចេញជាគ្រឿងអលង្ការដែលមានដូចជា ក្រវិល ខ្សែរក ចិញ្ចៀន ខ្សែរដៃ និងមានលក់ផលិតផលមួយចំនួនទៀតគឺប្រដាប់ស៊កស្បែកជើង សេនម៉ាស្សា គោម ឧបករណ៍ភ្លេងខ្មែរ បន្តោងសោរ ខ្សែរក្រវ៉ាត់ កាំបិត និងផលិតផលមួយចំនួនទៀតផងដែរ។

១០

លោកស្រី គួន ចន្តា អ្នកគ្រប់គ្រងហាងសុមនា ផលិតផលស្នែង បានបញ្ជាក់ថា ចំពោះគោលដៅធំដែលលោកស្រីចាប់របរនេះ គឺដើម្បីជួយកាត់បន្ថយការបំពុលដោយកាកសំណល់នៅប្រទេសកម្ពុជា ដោយការកែច្នៃសំណល់ “ស្នែង” ឱ្យទៅជាគ្រឿងលម្អផ្សេងៗនិងកាត់បន្ថយការនាំចូលផលិតផលស្នែងពីក្រៅប្រទេស ជាពិសេសផ្តល់ការងារសម្រាប់ផ្គត់ផ្គង់ដល់គ្រួសារមួយចំនួនដោយពុំបាច់ធ្វើការចំណាកស្រុក។ ដូច្នេះហើយសូមបងប្អូនប្រជាជនខ្មែរ កុំភ្លេចជួយគាំទ្រផលិតផលខ្មែរបើបងប្អូនចាប់អារម្មណ៍ចង់ជាវឬចង់សួរព័ត៌មានផ្សេងៗអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០១១ ៨០៥ ៨៦៦/ ០៨៧ ៤៤ ៧៣ ៨៦  ឬឆាតទៅកាន់ហ្វេសប៊ុកផេក Somonea ផលិតផលស្នែង

៨៩

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia