នាពេលបច្ចុប្បន្នមានអាជីវកម្មបែបគ្រួសារជាច្រើន ដែលកំពុងបើដំណើរការពេញទឹកពេញដី ។ ទន្ទឹមនឹងនេះដែរ ក៏មានអាជីវកម្មបែបគ្រួសារមួយចំនួនបានចាប់ផ្ដើមបំប្លែងអាជីវកម្មគ្រួសាររបស់ខ្លួន ឱ្យក្លាយជាអាជីវកម្មស្ដង់ដារវិញ ដែលជួយឱ្យម្ចាស់អាជីវកម្មអាចមានសេរីភាពជាងមុន អាចពង្រីកប្រភពចំណូលឱ្យកាន់តែធំ និងជួយឱ្យចាប់ឱកាសបានកាន់តែច្រើន ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ តើយើងធ្វើបែបណាដើម្បីអាចរៀបចំអាជីវកម្មឱ្យមានស្ដង់ដារ?
១. ភាពស្របច្បាប់ផ្នែកច្បាប់
នៅពេលដែលគេនិយាយអំពីអាជីវកម្មស្ដង់ដារ ចំណុចដំបូងបង្អស់ដែលគេគិតគឺភាពស្របច្បាប់។ អាស្រ័យហេតុនេះដើម្បីធ្វើឱ្យក្រុមហ៊ុនមានស្ដង់ដារ គប្បីត្រូវបំពេញនូវតម្រូវការផ្នែកច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយរួមមាន ការចុះបញ្ជីអាជីវកម្ម លិខិតអនុញ្ញាត ការបង់ពន្ធជាដើម។
២.ចុះបញ្ជីស្នាមត្រឹមត្រូវ
អាជីវកម្មស្ដង់ដារ នៅពេលដែលធ្វើសកម្មភាពណាមួយរមែងតែងមានបញ្ជីស្នាមត្រឹមត្រូវច្បាស់លាស់បំផុត ជាពិសេសគឺទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ។ អាជីវកម្មស្ដង់ដារគឺត្រូវតែមានបញ្ជីស្នាម សូម្បីតែរឿងចំណូលចំណាយត្រឹមតែ១ដុល្លារក៏ត្រូវមានក្រដាសស្នាម ចំនួនទ្រព្យ និងបំណុលក៏ត្រូវមានក្រដាសស្នាមច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាអាចធ្វើឱ្យអាជីវកម្មអាចគេចផុតពីការគេងបន្លំ ការកេងប្រវ័ញ្ចធនធានរបស់ក្រុមហ៊ុន។
៣. ការដឹកនាំដោយមិនពឹងលើបុគ្គលតែម្នាក់
វាពាក់ព័ន្ធនឹងចំណុចទី៤ ពោលគឺបើអាជីវកម្មមួយមិនមានប្រព័ន្ធដឹកនាំត្រឹមត្រូវ ឬដឹកនាំដោយមិនមានគោលការណ៍ច្បាស់លាស់ ហើយពឹងអាស្រ័យតែលើមេដឹកនាំតែម្នាក់នោះ អាជីវកម្មនោះអាចនឹងមានបញ្ហាឈានទៅដល់ការក្ស័យធន ប្រសិនបើមេដឹកនាំនោះចាកចេញ ឈឺធ្ងន់ ឬមានបញ្ហាណាមួយ។
៤.ការដឹកនាំដោយប្រើប្រព័ន្ធ និងគោលការណ៍ច្បាស់លាស់ មិនមែនប្រើអារម្មណ៍បុគ្គល
ក្រុមហ៊ុនស្ដង់ដារ គឺដឹកនាំដោយមានប្រព័ន្ធការងារច្បាស់លាស់ត្រឹមត្រូវ ហើយធ្វើការដឹកនាំដោយមានគោលការណ៍ច្បាស់លាស់ មិនមែនដឹកនាំអាស្រ័យតាមអារម្មណ៍របស់មេដឹកនាំ ពីមួយថ្ងៃទៅមួយថ្ងៃនោះទេពោលគឺ ត្រូវដឹកនាំដោយដើរទៅតាមគោលការណ៍របស់ស្ថាប័ន។ បន្ថែមពីនោះក្រុមហ៊ុនក៏ត្រូវដឹកនាំដោយមានការរៀបចំនូវគម្រោងថវិកាប្រចាំឆ្នាំ មានគោលការណ៍ពាក់ព័ន្ធការរើសបុគ្គលិក គោលការណ៍ពាក់ព័ន្ធនឹងចំណូល ចំណាយ ការគ្រប់គ្រងធនធានមនុស្សជាដើម។
ជាចុងក្រោយក្នុងនាមជាអ្នករកស៊ី គប្បីត្រូវមានមហិច្ឆតា ទោះបីចេញមករកស៊ីពីតូចយ៉ាងណា ក៏ត្រូវរៀបចំអាជីវកម្មឱ្យមានស្ដង់ដារ ដើម្បីធ្វើឱ្យការគ្រប់គ្រងកាន់តែងាយស្រួលមិនឈឺក្បាល មានសេរីភាពជាងមុន អាជីវកម្មរឹងមាំ មានចំណូលកើនកាន់តែច្រើន និងអាចចាប់យកឱកាសល្អៗជាច្រើនទៀតដូចជា ការបោះផ្សាយភាគហ៊ុនលក់ជាសាធារណៈជាដើម ដើម្បីធានាបានថា អាជីវកម្មដែលអ្នកបានបង្កើតឡើងនឹងមាននិរន្តរភាពតទៅអនាគត៕