សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គននឹងផ្តល់អាហារូបករណ៍រហូតដល់១០០% ផ្អែកតាមនិទ្ទេស នៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនាឆ្នាំ២០២៤ នេះពីនិទ្ទេស A ដល់ និទ្ទេស D ចំនួន ៣៨៣កន្លែង ខណៈអាហារូបករណ៍ ១០០% មានរហូតដល់ ២២កន្លែង ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានខិតខំសិក្សារៀនសូត្រ និងជាការចួលរួមចំណែកកសាងធនធានមនុស្សនៅកម្ពុជា។
ការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលប្រឡងចប់កម្រិតវិទ្យាល័យនេះ គឺផ្អែកតាមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពីកម្រិតនិទ្ទេស A B C និងD ដែលសាកលវិទ្យាល័យនឹងផ្តល់អាហារូបករណ៍ពី ២៥% រហូតដល់ ១០០% ខណៈសិស្សនិទ្ទេសល្អ នឹងមានលទ្ធភាពខ្ពស់ក្នុងការទទួលបានទៅតាមចំនួនអាហារូបករណ៍ដែលបានកំណត់។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ សាកលវិទ្យាល័យផ្តល់អាហារូបករណ៍១០០% ចំនួន ២២កន្លែង ៧៥%ចំនួន៦៦កន្លែង ៥០% ចំនួន១១០កន្លែង និង២៥%ចំនួន ១៨៥កន្លែង។
ដើម្បីទទួលបានអាហារូបករណ៍នេះ សិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី១២ ទាំងអស់ ត្រូវមកបង្ហាញខ្លួននៅទីតាំងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន នាខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅតាមកាលវិភាគកំណត់របស់សាកលវិទ្យាល័យ ដែលនឹងធ្វើឡើងចាប់ពីទី០៥ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ ក្នុងនោះ ជ័យលាភីនិទ្ទេសA មានអាទិភាពមុនគេ ដែលអាចមកចុះឈ្មោះចាប់ពីវេលាម៉ោង៩ ព្រឹក នៅថ្ងៃទី០៥ ខែវិច្ឆិកា ហើយចំណែកសិស្សនិទ្ទេសB អាចមកចុះឈ្មោះនៅថ្ងៃដដែល ចាប់ពីម៉ោង១ រសៀលតទៅ។ ដោយឡែក សិស្សនិទ្ទេសC អាចមកចុះឈ្មោះចាប់ពីម៉ោង៩ ព្រឹកនៅថ្ងៃទី០៦ ខែ វិច្ឆិកា ហើយចំណែកសិស្សនិទ្ទេសD អាចចុះឈ្មោះនៅថ្ងៃដដែលនេះ ចាប់ពីម៉ោង ១រសៀល តទៅ។
គួរបញ្ជាក់ថា សិស្សានុសិស្សដែលមានបំណងចូលសិក្សានៅស.ផារ៉ាហ្គនទាំងអស់ ត្រូវបង្ហាញខ្លួនតាមកាលវិភាគកំណត់ដោយភ្ជាប់មកជាមួយនូវកាតសិស្ស ឬ អត្តសញ្ញាណប័ណ្ណ ភស្តុតាងបញ្ជាក់ពីលទ្ធផលនិទ្ទេសរបស់ខ្លួន និងទឹកប្រាក់ចំនួន $៥១០ ដែលជាថ្លៃចុះឈ្មោះសិក្សា។
ជុំវិញការផ្តល់អាហារូបករណ៍នេះ លោកបណ្ឌិត Balut Akhemetkarimov សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានលើកឡើងថា សាកលវិទ្យាល័យមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកកសាងធនធានមនុស្សក្នុងថ្នាក់ឧត្តមសិក្សាតាមរយៈការផ្តល់អាហារូបករណ៍ជាច្រើនប្រភេទ ដែលក្នុងនោះរួមមានអាហារូបករណ៍ផ្អែកតាមនិទ្ទេសនៃការប្រឡងបាក់ឌុបផងដែរ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀនសូត្រ។
លោកថា បើសិនជាសិស្សានុសិស្សចប់បាក់ឌុប ចាប់អារម្មណ៍ និងមានបំណងសិក្សានៅផារ៉ាហ្គន សាលានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនលើវិថីអប់រំរបស់ពួកគេលើផ្នែកហិរញ្ញវត្ថុ ដែលកាត់បន្ថយបន្ទុកចំណាយមួយផ្នែក ដែលអនុញ្ញាតឱ្យពួកគេទទួលបានឱកាសមកទទួលការអប់រំពីសាកលវិទ្យាល័យមួយដែលមានគុណភាពខ្ពស់ ហើយអាចមានឱកាសបន្តការសិក្សានៅក្រៅប្រទេសដែលជាដៃគូរបស់ផារ៉ាហ្គនផង។
លោកបន្តថា៖ “សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្តេជ្ញាបន្តផ្តល់ការអប់រំ ការស្រាវជ្រាវ ដែលមានគុណភាពខ្ពស់ ហើយពង្រឹងកសាងធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ចម្រុះប្រភេទ ដែលជាស្ពាននៃការបណ្តុះមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ យើងមានបេសកកម្មផ្តល់ឱ្យសិស្សនូវជំនាញ និងចំណេះ ដែលចាំបាច់ ដើម្បីក្លាយទៅជាសហគ្រិនដ៏ជោគជ័យ នវានុវត្តន៍ជនដែលមានទេព្យកោសល្យខ្ពស់ និងជាធនធានពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងសង្គម” ។
សាកលវិទ្យាធិការរូបនេះ បន្ថែមថា សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបានខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងបេសកកម្មបង្កើតធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីបង្កើតឡើងដំបូងកាលពីឆ្នាំ២០១០ មក ហើយសាលាបានសម្រេចចិត្តប្រើប្រាស់យន្តការអាហារូបករណ៍ជាមធ្យោយបាយមួយក្នុងបេសកម្មមួយនេះ ដែលបានជំរុញអនាគតរបស់កូនខ្មែរជាច្រើនរូបទទួលបានជោគជ័យក្នុងកម្រិតបុគ្គល
និងកសាងជាតិទាំងមូល ដែលលោកជឿជាក់ថា សាលានេះនឹងនៅតែជាតួអង្គសំខាន់លើការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់កម្ពុជា។
គួរបញ្ជាក់ថា សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនជាស្ថាប័នអប់រំឈានមុខមួយក្នុងចំណោមគ្រឹស្ថានអប់រំឈានមុខដទៃទៀតនៅកម្ពុជា ដែលបានបណ្តុះបណ្តាលមូលធនមនុស្សនៅកម្ពុជាជាច្រើនឆ្នាំកន្លងមកហើយ។ គិតត្រឹមឆ្នាំសិក្សា២០២៤ សាកលវិទ្យាល័យនេះ ផ្តល់ការបណ្តុះបណ្តាលលើមុខជំនាញចំនួន១១ ក្នុងកម្រិតបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន៣ ក្នុងនោះមានមហាវិទ្យាល័យវិស្វកម្មដែលមានមុខជំនាញ ស្ថាបត្យកម្ម, វិស្វកម្មឧស្សាហកម្ម និងវិស្វកម្មសំណង់ស៊ីវិល។ មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ រួមមាន ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ, សិល្បៈឌីជីថល និងការរចនា និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន។ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច រួមមាន ជំនាញធនាគារ និងហិរញ្ញវត្ថុ, គ្រប់គ្រងពាណិជ្ជកម្ម, សេដ្ឋកិច្ច, ទំនាក់ទំនងអន្តរជាតិ និងភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ។