(ភ្នំពេញ)៖ មន្ទីរពេទ្យអន្តរជាតិ អរៀនដា និង ធនាគារ អេស៊ីលីដា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីសេវាសុខាភិបាលឯកជន ដល់ថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារ អេស៊ីលីដា ក្រោមអធិបតីភាព លោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា និង បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានធ្វើឡើងនៅរសៀល ថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យអន្តរជាតិអរៀនដា។
អ្នកឧកញ៉ា គួន ធីតា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះ បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ដែលបានផ្តល់កត្តិយសចូលរួម និងការជឿទុកចិត្ត លើមន្ទីរពេទ្យឯកជនក្នុងស្រុក ព្រមទាំងបានណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកនៃ ធនាគារ អេស៊ីលីដា និងប្រជាពលរដ្ឋអោយងាកមកទទួលយកសេវាកម្មសុខាភិបាលក្នុងប្រទេសកម្ពុជា ជាជាងចេញទៅក្រៅប្រទេស ចំណាយពេលវេលា និងថវិកាច្រើន។
ក្នុងឱកាសនោះ មន្ទីរពេទ្យអន្តរជាតិអរៀនដា បានបង្ហាញ អំពីសេវាកម្មថ្មីមួយ ដែលទើបសម្ពោធជាផ្លូវការ គឺផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ ដោយមន្ទីរពេទ្យអន្តរជាតិអរៀនដា បានសហការជាមួយមន្ទីរពេទ្យ S-Spine and Nerve Hospital ដើម្បីព្យាបាលជូនលោកអ្នកដែលមានបញ្ហាឈឺចង្កេះ ឈឺរោយកញ្ចឹងក លៀនទ្រនាប់ ឌីសឆ្អឹងកង ឆ្អឹងកងជ្រួសគ្នា គៀបបណ្តូលខួរឆ្អឹង កង ក និងគៀបបណ្តូលខួរឆ្អឹងកង ចង្កេះ ដោយប្រើបច្ចេកទេសចុងក្រោយបង្អស់អាចជៀសវាងការវះកាត់ដោយបើកធំ បច្ចេកទេសចុងក្រោយបង្អាស់អាចជៀសវាងការវះកាត់ដោយបើកធំបាន។ បច្ចេកទេសថ្មីនេះព្យាបាលដោយប្រើម្ជុលតូចមួយភ្ជាប់កាំរស្មីឡាស៊ែ និងរលកវិទ្យុ នៅចុងម្ជុលចូលទៅបាញ់ឌីសឆ្អឹងកងដែលលៀនអោយរួមចូលគ្នាវិញ។ ករណីមួយចំនួនដែលគៀបខ្លាំង គឺត្រូវការប្រើកាមេរ៉ាតូចដើម្បីជួយអោយមើលច្បាស់ជាងមុន ក្នុងគោលបំនងដើម្បីដកផ្នែកដែលគៀបសសៃប្រសាទចេញមកបានកាន់តែច្រើន ដែលការព្យាបាលដោយកាំរស្មីឡាស៊ែនេះចំណាយត្រឹមតែ ១ ទៅ ២ម៉ោងដើម្បីព្យាបាលប៉ុណ្ណោះ។ អ្នកជំងឺត្រូវការស្នាក់នៅក្នុងមន្ទីពេទ្យត្រឹមតែមួយយប់ប៉ុណ្ណោះបន្ទាប់ពីការព្យាបាលហើយ អ្នកជំងឺអាចប្រើប្រាស់ជីវិតធម្មតាវិញបាននៅថ្ងៃបន្ទាប់នៃការព្យាបាល ជំនួសអោយការព្យាបាលបែបជំនាន់មុនគឺត្រូវធ្វើការវះកាត់បើកធំ ដែលមានមុខរបួសធំដើម្បីរចូលទៅកាត់ឌីសឆ្អឹងកងដែលលៀនចេញ និងកាត់ឌីសឆ្អឹងកងចាស់ចេញ រួចដាក់ឌីសឆ្អឹងកងសិប្បនិមិត្តចូល បន្ទាប់មកដាក់ដែកចាប់វីស ដែលអាចធ្វើអោយមានហានិភ័យខ្ពស់ក្នុងពេលវះកាត់ ហើយអ្នកជំងឺត្រូវការសំរាករយៈពេលយូរ។
គួរបញ្ជាក់ផងដែរថា :មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺជាមន្ទីរពេទ្យដែលបង្កើតឡើងដោយកូនខ្មែរ ដែលមានគុណភាព និងស្តង់ដារអន្តរជាតិ ប៉ុន្តែមានតម្លៃសមរម្យដើម្បីអោយប្រជាពលរដ្ឋខ្មែរដែលមានជំងឺ នឹងមិនចាំបាច់ស្វែងរកការព្យាបាលនៅក្រៅប្រទេស ។ ក្រៅពីតម្លៃសមរម្យ មន្ទីរពេទ្យអន្តរជាតិអរៀនដា ក៏បានយកចិត្តទុកដាក់ខ្លាំងទៅលើសេវាកម្ម និងគុណភាពនៃការព្យាបាលដោយមន្ទីរពេទ្យ បានប្រមូលផ្គុំ វេជ្ជបណ្ឌិត និងបុគ្គលិកដែលមានសមត្ថភាព បទពិសោធន៍ និងក្រមសីលធម៌ វិជ្ជាជីវៈ និងចាត់ទុកការជួយសង្គ្រោះអ្នកជម្ងឺជាអាទិភាពផងដែរ។
ចំពោះចក្ខុវិស័យរបស់មន្ទីរពេទ្យអន្តរជាតិអរៀនដា គឺលោកជំទាវ អ្នកឧកញ៉ា គួន ធីតា បានបង្ហាញថា លោកជំទាវក៏ជាប្រជាពលរដ្ឋខ្មែរមួយរូបដែលមើលឃើញថា ប្រជាពលរដ្ឋខ្មែរមានភាពលំបាក នៅពេលមានបញ្ហាសុខភាព ត្រូវចេញទៅក្រៅប្រទេស ហេតុដូច្នេះហើយបានជាលោកជំទាវបង្កើតមន្ទីរពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះ។ ជាមួយគ្នានេះដែរ លោកជំទាវអ្នកឧកញ៉ា ក៏មានបំណងចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យសុខាភិបាល ឲ្យកាន់តែល្អប្រសើរ។
បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា "ធនាគារ អេស៊ីលីដា តែងតែគិតគូពីសុខុមាលភាពរបស់បុគ្គលិក ព្រោះសុខភាពបុគ្គលិក គឺជាសុខភាពរបស់ធនាគារ ហើយនាឱកាសនេះ ធនាគារ អេស៊ីលីដា មានក្តីសោមនស្សរីករាយដោយបានចាប់ដៃគូសហប្រតិបត្ដិការជាមួយមន្ទីរពេទ្យអន្តរជាតិ អរៀនដា ក្នុងការលើកកម្ពស់ការផ្តល់សេវាពិនិត្យសុខភាព និងព្យាបាលជំងឺជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងក្រុមគ្រួសារបុគ្គលិក និងអតិថិជន របស់ធនាគារ អេស៊ីលីដា ដើម្បីទទួលបានសេវាសុខភាពជាមួយមន្ទីរពេទ្យដែលមានស្តង់ដារអន្តរជាតិក្នុងស្រុក រួមជាមួយក្រុមវេជ្ជបណ្ឌិត ដែលមានបទពិសោធន៍ខ្ពស់ និងវិជ្ជាជីវៈច្បាស់លាស់ ព្រមទាំងមានឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាវេជ្ជសាស្រ្តទំនើប ក្នុងការពិនិត្យ និងព្យាបាលយ៉ាងល្អប្រសើរជូនដល់អតិថិជន និងសាធារណជន។ កិច្ចសហប្រតិបត្តិការនេះ ពិតជាមានសារៈសំខាន់ និងបានផ្តល់អត្ថប្រយោជន៍យ៉ាងសម្បូរបែបដល់ថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងក្រុមគ្រួសារបុគ្គលិក និងអតិថិជនរបស់ធនាគារ អេស៊ីលីដា ជាមួយនឹងការបញ្ចុះតម្លៃពិសេស និងសេវាកម្មគួរជាទីគាប់ចិត្ត។"
សូមបញ្ជាក់ថា មន្ទីរពេទ្យអន្តរជាតិអរៀនដា មានសេវាកម្មដូចជា ផ្នែកសម្ភព រោគស្រ្តី ផ្នែកកុមារ ផ្នែកជំងឺទូទៅ ផ្នែកជំងឺលំបាកមានកូន ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺធ្ងន់ធ្ងរ ផ្នែកទឹកនោមផ្អែម ផ្នែកជំងឺសើស្បែក ផ្នែកព្យាបាលទារកកំរិកធ្ងន់ ផ្នែកថតឆ្លុះរូបភាពវិជ្ជសាស្រ្ត ផ្នែកមន្ទីពិសោធន៍ ផ្នែកប្រឆាំងភាពចាស់ ផ្នែកអាហាររូបត្ថម ផ្នែកជម្ងឺបេះដូង ផ្នែកក្រពះពោះវៀន និងផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ!
មន្ទីរពេទ្យអន្តរជាតិអរៀនដា មានទីតាំងស្ថិតនៅ អគារលេខ ៦៦ ផ្លូវលេខ ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ការទំនាក់ទំនង: 078 233 789 ឬ 081 811 789៕