ស្ទើរអស់ពីខ្លួន! មួយប៉ព្រិចភ្នែកទ្រព្យរបស់មហាសេដ្ឋីគ្រីបតូ ជាង២៦ពាន់លាន$ ធ្លាក់សល់ត្រឹម ១០ម៉ឺន$
SOKLY SODECEMBER 1 202215.8 K views

ក្រោយពេលក្រុមហ៊ុនប្រតិបត្តិការគ្រីបតូ FTX បានដួលរលំ លោក Sam Bankman-Fried មិនត្រឹមតែបាត់បង់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទេ សូម្បីតែទ្រព្យផ្ទាល់ខ្លួនរបស់គាត់ក៏អស់ទៅតាមដែរ។ ជាក់ស្ដែងនាយកប្រតិបត្តិរូបនេះ បានបង្ហើបឱ្យដឹងថា លុយក្នុងកុងធនាគាររបស់គាត់សល់ត្រឹមតែ ១០ម៉ឺនដុល្លារប៉ុណ្ណោះ។

បើតាមសារព័ត៌មាន Yahoo បានឱ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោក Bankman មានប្រមាណជា ៦៥.៥ពាន់លានដុល្លារ ប៉ុន្តែនៅថ្ងៃទី៣០ ខែវិច្ឆិកា វាថយចុះមកសល់ត្រឹម ១០ម៉ឹនដុល្លារប៉ុណ្ណោះ។ នេះបញ្ជាក់ឱ្យឃើញថា លោក Bankman បានបាត់បង់ទ្រព្យផ្ទាល់ខ្លួនអស់ស្ទើរតែទាំងស្រុងទៅហើយ។

អ២

លោក Bankman បានលើកឡើងថា ជាទូទៅអ្វីគ្រប់យ៉ាងដែលខ្ញុំមាន ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុន FTX ស្ទើរទាំងអស់ ហេតុនេះហើយទើបការដួលរលំរបស់ក្រុមហ៊ុននេះ ធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ខ្ញុំត្រូវជួបភាពស្មុគស្មាញ

អតីតនាយកប្រតិបត្តិរូបនេះ បាននិយាយទាំងទឹកមុខស្រងូតស្រងាត់ថា គាត់ស្ដាយក្រោយបំផុតដែលដាក់ពាក្យសុំក្ស័យធន។ ហើយបន្តថា គាត់គួរតែព្យាយាមរៃអង្គាសប្រាក់បន្ថែមទៀតជំនួសឱ្យការប្រកាសថាក្រុមហ៊ុនក្ស័យធន។ មូលហេតុដែលគាត់និយាយបែបនេះគឺព្រោះតែ ក្រោយពេលប្រកាសក្ស័យធន គាត់ប្រមូលទុនពីវិនិយោគិនណាក៏លែងបាន រហូតធ្វើឱ្យជាប់ទ្រព្យផ្ទាល់ខ្លួនក៏ត្រូវបាត់បង់ថែមទៀត។

បើតាមសារព័ត៌មាន Forbes មូលហេតុសំខាន់នៅពីក្រោយការដួលរលំរបស់ FTX គឺដោយសារតែ Bitcoin ធ្លាក់ថ្លៃខ្លាំងពេក។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១​ Bitcoin ធ្លាប់ឡើងថ្លៃដល់ ៦៩,០០០ដុល្លារក្នុងមួយកាក់ ប៉ុន្តែក្រោយពីនោះវាបានធ្លាក់ថ្លៃជាបន្តបន្ទាប់ រហូតមកដល់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នេះ វាមានតម្លៃត្រឹមតែ ១៦,៩២០ដុល្លារក្នុងមួយកាក់។ Bitcoin ធ្លាក់ថ្លៃបែបនេះព្រោះតែវិនិយោគិនបាត់បង់ទំនុកចិត្ត ឬអាចនិយាយថាពួកគេកាត់បន្ថយការវិនិយោគលើ Bitcoin ឬអ្នកខ្លះទៀតបញ្ឈប់តែម្ដង។

មូលហេតុសំខាន់នៃការបាត់បង់ទំនុកចិត្តរបស់វិនិយោគិន​ គឺដោយសារតែធនាគារកណ្ដាលរបស់សហអាមេរិក បានចាត់វិធានការដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់ជាមួយនឹងអតិផរណា ចាប់តាំងពីដើមឆ្នាំ២០២២មក។ នៅពេលដែលអត្រាការប្រាក់កើនឡើង មនុស្សនឹងសម្រេចចិត្តដាក់លុយនៅធនាគារយកការប្រាក់ ជាជាងខ្ចីលុយពីធនាគារយកទៅវិនិយោគ។ ហេតុនេះចង់មិនចង់ ក៏ចំនួនវិនិយោគត្រូវតែមានការថយចុះ មិនថានៅក្នុងវិស័យអ្វីក៏ដោយ។

សូមជម្រាបផងដែរថា ក្រុមហ៊ុន FTX ដែលមានលោក Sam Bankman-Fried ជាស្ថាបនិក បានប្រកាសក្ស័យធននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕

អត្ថបទដោយ៖ សូ សុខលី

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia