ក្រុមហ៊ុនលក់រាយប្រេង និងឧស្ម័នធំ១របស់ប្រទេសថៃគឺ PTT Oil and Retail បានប្រកាសថា ខ្លួនគ្រោងចាយទុនវិនិយោគបន្ថែមទៀតក្នុងទំហំទឹកប្រាក់ចំនួន ១០០លានដុល្លារ ដើម្បីមកពង្រីកអាជីវកម្មនៅក្នុងប្រទេសកម្ពុជាឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Bangkok Post។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា បច្ចុប្បន្ននេះក្រុមហ៊ុន PTT បានពង្រីកស្ថានីយប្រេងឥន្ធនៈនៅ កម្ពុជាចំនួន ១៧០កន្លែងហើយ ដូច្នេះហើយក្រុមហ៊ុនក៏ចង់អភិវឌ្ឍដេប៉ូប្រេងឥន្ធនៈបន្ថែមទៀត ក្រោមការវិនិយោគរួមគ្នារបស់ខ្លួនលើសេវាកម្មប្រេងឥន្ធនៈសម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា។
លោក Disathat Panyarachun ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន PTT Oil បាននិយាយថា កាលពីដើមឆ្នាំ ២០២១ កន្លងទៅនេះក្រុមហ៊ុន PTT Oul Retail និងក្រុមហ៊ុន China National Aviation Fuel International Holdings និងក្រុមហ៊ុន Total Energies Marketing (Cambodia) ក៏បានបណ្តាក់ទុនរួមគ្នាមួយដែលមានឈ្មោះថា Phnom Penh Aviation Fuel Service Co ដើម្បីបើកដំណើរការអាជីវកម្មសេវាកម្មប្រេងឥន្ធនៈសម្រាប់វិស័យអាកាសចរណ៍នៅអាកាសយានដ្ឋានថ្មីនៃទីក្រុងភ្នំពេញ។
នាយកប្រតិបត្តោរបស់ក្រុមហ៊ុន PTT Oil បាននិយាយបន្តថា ចំពោះគោលបំណងនៃការអភិវឌ្ឍន៍ប្រេងឥន្ធនៈនេះ គឺដើម្បីបម្រើដល់កំណើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិកូវីដ១៩ ហើយនាពេលបច្ចុប្បន្នការសាងសង់កន្លែងចាក់ប្រេនឥន្ធនៈនៅកម្ពុជាបានរួចរាល់៨០% ហើយ គ្រោងនឹងបើកដំណើរនៅឆ្នាំក្រោយនេះផងដែរ។
នៅក្នុងនោះដែរ លោក Disathat Panyarachun បានបញ្ជាក់ថា ក្រៅពីពង្រីកសេវាកម្មប្រេងឥន្ធនៈនៅកម្ពុជា ក្រុមហ៊ុន PTT Oil ក៏បានសហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនបោកគក់ និងសម្ងួតថៃ ដើម្បីទិញស្និទ្ធិផ្តាច់មុខនៃសេវាកម្មបោកគក់ ក្រោមម៉ាកយីហោមួយឈ្មោះថា Otteri Wash & Dry ដើម្បីបើកសេវាកម្មបោកអ៊ុតនៅស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ ធី ស្រីល័ក្ខ