ឆ្នាំថ្មី២០២៥ គម្រោងធំ ២ ដែលវិនិយោគដោយក្រុមហ៊ុនលោកអ្នកឧកញ៉ា ពុង ឃាវសែ នឹងបើកដំណើរការព្រមគ្នា
Bunthoeun KoemNOVEMBER 4 2024638 views

លោកអ្នកឧកញ៉ា ពុង ឃាវសែ បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនមួយបានអភិវឌ្ឍន៍គម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជាដូចជា ទីក្រុងរណប ស្ពាន និងព្រលានយន្ដហោះជាដើម។ ហើយនៅដើមឆ្នាំ២០២៥ ខាងមុខនេះ គម្រោងធំ ២ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនមួយនេះ ក៏នឹងត្រូវបើកដំណើរការផងដែរ។ ដោយនៅក្នុងនោះរួមមាន៖

 

4a095277 70ab 4060 9332 C793b24fbfb0

 

១. ព្រលានយន្ដហោះអន្ដរជាតិតេជោ

 

ព្រលានយន្ដហោះអន្ដរជាតិតេជោ គឺជាគម្រោងព្រលានយន្ដហោះថ្មី និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ខណៈគម្រោងនេះគ្រោងនឹងបើកឲ្យដំណើរការនៅដើមឆ្នាំ២០២៥​ ខាងមុខនេះផងដែរ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនសាងសង់ Cambodia Airport Investment Co., Ltd (CAIC) ដែលជាក្រុមហ៊ុនបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា កាលពីពេលកន្លងទៅ។​

 

ព្រលានយន្ដហោះអន្ដរជាតិតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីពាក់កណ្ដាលឆ្នាំ២០២០ លើផ្ទៃដី ២,៧០០ ហិកតា មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងមានចំងាយប្រមាណ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ព្រលានថ្មីនេះស្ថិតនៅក្នុងចំណាត់ថ្នាក់ F4 ដែលអភិវឌ្ឍន៍ជា ៣ ដំណាក់កាល។ ក្នុងនោះសម្រាប់ដំណាក់កាលទី១ នឹងត្រូវចំណាយទុនសរុប ១,៥ ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលផ្ទៃដីព្រលានឡើយ។

 

នៅពេលដាក់ឲ្យដំណើរការដំណាក់កាលទី១ នាដើមឆ្នាំ២០២៥ ខាងមុខ អាកាសយានដ្ឋានអន្ដរជាតិតេជោ អាចទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង១ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំឯណោះ។

 

5b0ad2be 2b17 4ae0 B3c2 9a75826df07d

 

២. ស្ពានអាកាសមរតកតេជោ (កម្ពស់ ២ ជាន់)

 

នៅដើមឆ្នាំ២០២៥ ខាងមុខនេះ គម្រោងស្ពានអាកាសមរតកតេជោ ដែលជាស្ពានអាកាសមានកម្ពស់ ២ ជាន់ដំបូងគេបង្អស់នៅកម្ពុជ នឹងត្រូវដាក់ឲ្យដំណើរការទាំងស្រុងផងដែរ។ ខណៈដែលដំណាក់កាលទី១ ត្រូវបានបើកឲ្យដំណើរការកាលពីដើមឆ្នាំ២០២៤ កន្លងទៅនេះ។

 

សូមជម្រាបថា ស្ពានកាសមរតកតេជោ នេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២។ ការសាងសង់ស្ពានអាកាសថ្មីនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា​តាមរយៈរដ្ឋបាលរាជធានី​ភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលចំណាយថវិកាប្រមាណ ៣៦ លានដុល្លារ។

 

ស្ពានអាកាសសាងសង់ជា ២ ជាន់ ដោយជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពល ខេមរភូមិន្ទ។ ខណៈជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហា វិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងគ្រោងបញ្ចប់នៅមុនបុណ្យចូលឆ្នាំខ្មែរ (២០២៥)៕

 

Photo 2023 10 27 15 38 18

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia