ដូចប្រិយមិត្ដធ្លាប់បានដឹងរួចមកហើយថា ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD បានបញ្ជាក់ពីគម្រោងវិនិយោគសាងសង់រោងចក្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ទាក់ទងនឹងរឿងនេះ កាលពីម្សិលមិញនេះឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជួបប្រជុំជាមួយក្រុមហ៊ុនដើម្បីចរចាបញ្ចប់ទាក់ទងនឹងគម្រោងវិនិយោគខាងលើផងដែរ។ នេះបើតាមការបញ្ជាក់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបានមានប្រសាសន៍ថា «ម្សិលមិញឯកឧត្ដម ស៊ុន ចាន់ថុល កំពុងចរចាជាមួយក្រុមហ៊ុន BYD ដែលនឹងមកវិនិយោគបើកក្រុមហ៊ុនផលិតរថយន្ដ Electric នៅស្រុកខ្មែរ។ ក្រុមហ៊ុន BYD អាចដឹងហើយ ជាក្រុមហ៊ុនយក្សរបស់ចិនដូច Tesla របស់អាមេរិក កំពុងតែចរចាចុងក្រោយដែលគ្រោងមកនៅឆ្នាំក្រោយ»។
សម្ដេចធិបតីមានប្រសាសន៍បន្ដថា ឥឡូវកម្ពុជាយើងមានរោងចក្រផលិតរថយន្ដជាច្រើនដូជា ក្រុមហ៊ុនយក្សរបស់ជប៉ុន Toyota ដែលសម្ពោធដាក់ឲ្យដំណើរកាលពីដើមឆ្នាំ២០២៤, ក្រុមហ៊ុន Ford ដែលបើកដំណើរការកាលពីឆ្នាំ២០២២ នៅស្រុកក្រគរ ខេត្ដពោធិ៍សាត់ និងក្រុមហ៊ុនផលិតរថយន្ដដទៃទៀត។
គួររំលឹកផងដែរថា តាមការបញ្ជាក់ពីលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា គម្រោងសាងសង់រោងចក្រនៅកម្ពុជានេះអាចមានសមត្ថភាពដំឡើងរថយន្តចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ៕