មុនបរិភោគចម្អិនឲ្យឆ្អិនល្អ ខណៈអាហារមួយប្រភេទនេះអាចមានផ្ទុកវីរុស Norovirus
Bunthoeun KoemDECEMBER 19 20248 K views

អាហារសមុទ្រ ជាពិសេសអយស្ទ័រឆៅ អាចមានផ្ទុកវីរុសណូរ៉ូ (Norovirus)។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរស្ដីពីវិធានការការពារសុខភាពពីជំងឺដែលបង្កដោយវីរុសណូរ៉ូ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។

 

នៅក្នុងសេចក្ដីប្រកាសព័ត៌ដដែលបានបញ្ជាក់ នៅលើពិភពលោកវីរុសណូរ៉ូ - Norovirus ជាមូលហេតុចម្បងនៃការកួត និងរាក និងជំងឺដែលបណ្តាលមកពីអាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវ រលោកក្រពះពោះវៀន។ អង្គការសុខភាពពិភពលោកបានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន ៦៨៥លានករណីបង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០ ០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០ ០០០នាក់បានស្លាប់។

 

ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូ ភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំ អាកាសធាតុត្រជាក់មេជាតរស់យូរ រដូវត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាង្គកាយចុះខ្សោយ។ បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុស រោគសញ្ញាជាទូទៅ កើតមានចន្លោះពី ១២ ទៅ ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ឬប្រឈមនឹងវីរុសណូរ៉ូ ។

 

រោគសញ្ញាភាគច្រើនមាន រាក កួត ចង្អោរ ចុកពោះ និងអាចមាន ក្ដៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញ ក្នុង រយៈពេល ១ ទៅ ៣ ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានក្នុងអំឡុង២សប្តាហ៍ឬលើសបន្ទាប់ពីជាសះស្បើយ។ អ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូ ច្រើនដងក្នុងជីវិតរបស់អ្នក ពីព្រោះ វីរុសណូរ៉ូ មានច្រើនប្រភេទ។ ការឆ្លង វីរុសណូរ៉ូ មួយប្រភេទ មិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ។ ក្នុងនោះកុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស។

 

១. របៀបចម្លង៖

 

វីរុសណូរ៉ូ រីករាលដាលយ៉ាងងាយ និងរហ័សតាមវិធីផ្សេងៗគ្នាដូចជា៖ ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារ ប្រើប្រាស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ ពិសាអាហារ ទឹក ឬភេសជ្ជៈដែលមានមេរោគវីរុសណូរ៉ូ។ ការប៉ះវត្តឬផ្ទៃដែលមានមេរោគ ហើយបន្ទាប់មកដាក់ម្រាមដៃដែលមិនទាន់លាងសម្អាតនៅក្នុងមាត់។ អ្នកអាចចម្លងវីរុសណូរ៉ូ រយៈពេល ២ សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ។ 

 

២. របៀបបង្ការ៖

 

- ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ សម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ

- ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី ៦០ អង្សាសេ

ស្នាក់នៅផ្ទះពេលឈឺរយៈពេល ២ ថ្ងៃ (៤៨ ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។ បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព ឬមន្ទីពេទ្យរដ្ឋ ដែលនៅជិតផ្ទះលោកអ្នក៕ 

 

470602450 908788554721784 1094144325289570925 N

470889566 908788544721785 8104688140584391496 N

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia