អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ និងក្រុមហ៊ុន SAGERAS DEFENSE (CAMBODIA) CO.LTD របស់ប្រទេសចិន បានបណ្តាក់ទុនរួមគ្នាបង្កើតសួនឧស្សាហកម្មសេ០១ (C-01) ក្រសួងការពារជាតិលើផ្ទៃដីសរុបជាង ១៣០ ហិកតា នៅក្នុងខេត្ដកណ្ដាល។ ខណៈគម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំជាច្រើនរូបរទៀត។
យោងតាមសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ បានឱ្យដឹងថា សួនឧស្សាហកម្មសេ០១ (C-01) នេះ កើតចេញពីលទ្ធផលការងារទំនាក់ទំនងសហប្រតិបត្តិការ វិនិយោគរបស់អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ជាមួយនិងក្រុមហ៊ុន SAGERAS DEFENSE នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងទំហំផ្ទៃដីប្រមាណជាង ១៣២ហិកតា ស្ថិតនៅ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយ ផ្លូវជាតិលេខ៥១។
អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេសរូបនេះបន្ដថា សួនឧស្សាហកម្មសេ០១ (C-01) ក្រសួងការពារជាតិ មានការស្ថាបនាផ្លូវធំ និងផ្លូវតូចទំហំ ២៣៧,២២២ម៉ែត្រការ៉េ, តំបន់ផែស្ងួត ទំហំ ១០,០៩៥ម៉ែត្រការ៉េ, តំបន់ជម្រើសទី១ សម្រាប់ផែស្ងួត និងតំបន់ឧស្សាហកម្ម ទំហំ៦៧,៩៣១ម៉ែត្រការ៉េ, តំបន់ជម្រើសទី២ សម្រាប់ផែស្ងួត និងតំបន់ឧស្សាហកម្ម ទំហំ ៦៧,៩៣១ម៉ែត្រការ៉េ, តំបន់អគារពហុបំណងពាណិជ្ជកម្ម, តំបន់រោងចក្រ, តំបន់សាធារណៈ និងកីឡា, អគារស្នាក់នៅបុគ្គលិក កម្មករ និងសន្តិសុខ, តំបន់ស្តុកទឹក និងចំណតឡានអគ្គិភ័យ, តំបន់បន្សុទ្ធទឹក, តំបន់ចំណតឡានកម្មករ, តំបន់តូបផ្សារកម្មករ និងតំបន់លម្អបៃតង។
បច្ចុប្បន្នកំពុងធ្វើការចាក់ដីលុបបំពេញ ជីកប្រព័ន្ធលូបង្ហូរទឹក សាងសង់របងបណ្តោះអាសន្ន ចាក់បេតុងបានទំហំ ៤.៤ហិកតា និងកំពុងស្នើសុំច្បាប់អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) អាជ្ញាបណ្ណផែស្ងួត ព្រមទាំងបំពេញបែបបទពាក់ព័ន្ធផ្សេងៗទៀត ទៅតាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕