យោងតាមសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគរបស់ខ្លួនបានអនុម័តជាស្ថាពរទៅឲ្យក្រុមហ៊ុន GTV MOTOR CO., LTD. លើគម្រោងបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។
តាមការបញ្ជាក់ពី CDC គម្រោងរោងចក្រដំឡើងរថយន្ដថ្មីនេះ នឹងធ្វើការដំឡើងរថយន្ដល្បីៗចំនួន ៤ ម៉ាករួចមាន៖ ម៉ាក SOUEAST ចំនួន ៤ ម៉ូឌែល, ម៉ាក FAW ចំនួន ៥ ម៉ូឌែល, ម៉ាក DONGFENG ចំនួន ១០ ម៉ូឌែល, និងម៉ាក MG ចំនួន ៤ ម៉ូឌែល។
នេះគឺជាគម្រោងរោងចក្រថ្មីមួយទៀតហើយនៅលើទឹកដីកម្ពុជា ខណៈកាលពីថ្ងៃម្សិលមិញកម្ពុជាក៏ទើបនឹងសម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រដំឡើងរបស់យីហោដ៏ល្បីល្បាញ Ford ដែលវិនិយោគដោយក្រុមហ៊ុន RMA Cambodia ក្នុងតម្លៃ ២១ លានដុល្លារ មានទីតាំងស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដពោធិ៍សាត់៕
អត្ថបទ៖ កឹម ប៊ុនធឿន