គោរមងារឧកញ៉ា សំដៅដល់ងារកិត្ដិយសដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រហរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណសម្បត្ដិ ស្នាដៃ និងគុណបំណណាច់ធំធេងក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ានេះ ត្រូវបានចែកចេញជា ៣ ថ្នាក់៖ ដោយថ្នាក់ទី១ លោកអ្នកឧកញ៉ា ថ្នាក់ទី២ អ្នកឧកញ៉ា និងថ្នាក់ទី៣ ឧកញ៉ា។ ដើម្បីទទួលបានគោរមងារមួយនេះ តើរូបវន្ដបុគ្គលត្រូវមានលក្ខខណ្ឌ និងលក្ខណសម្បត្ដិបែបណាខ្លះ?
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញថា គោរមងារឧកញ៉ាត្រូវផ្តល់ជូនរូបវន្ត បុគ្គលជាប្រជាពលរដ្ឋខ្មែរ ដោយផ្អែកតាមគុណសម្បត្តិ ស្នាដៃ និងគុណបំណាច់ធំធេងដែលបានចូលរួម អភិវឌ្ឍ និងកសាងជាតិ។
គុណសម្បត្តិ ស្នាដៃ និងគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ មានជាអាទិ៍ ការចូលរួម បរិច្ចាគធនធានជាថវិកា ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬសម្ភារបរិក្ខារនានាសម្រាប់កិច្ចការសង្គមនិងការងារមនុស្សធម៌ ផ្សេងៗ ឬការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ក្នុងនោះមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វត្តអារាម អគារសាធារណៈជាដើម ព្រមទាំងរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬ ស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិ។
ទំហំទឹកប្រាក់នៃការចូលរួមបរិច្ចាគធនធានឬសម្ភារបរិក្ខារនានា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ឬរបកគំហើញនូវបច្ចេកវិទ្យាថ្មីៗណាមួយ ឬស្នាដៃពិសេសដែលមានអត្ថប្រយោជន៍សម្រាប់សង្គមជាតិខាងលើ ដែលជាកម្មវត្ថុនៃការផ្តល់គោរមងារឧកញ៉ាតាមលំដាប់ថ្នាក់ណាមួយ ត្រូវកំណត់ដោយអនុក្រឹត្យ។
ក្រៅពីលក្ខខណ្ឌខាងលើ រូបវន្ដបុគ្គលជាពលរដ្ឋខ្មែរដែលត្រូវបានផ្ដល់គោរមងារឧកញ៉ា ត្រូវមានលក្ខណសម្បត្ដិដូចដូចជា៖ មានប្រវត្ដិរូបច្បាស់លាស់, មានកិរិយាមារយាទល្អ, ពុំធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ និងប្រកបមុខរបរស្របច្បាប់៕