មនុស្សដែលមានតែធ្លាប់ក្រ ទើបស្គាល់ច្បាស់ពីរសជាតិដ៏ល្វីងជូរចត់នៃភាពក្រីក្រ និងរសជាតិដ៏ផ្អែមល្ហែមនៃភាពជោគជ័យ។ ជាបទពិសោធន៍ជីវិតរបស់សេដ្ឋី Youtuber ម្នាក់ឈ្មោះ Mr Beast ដែលមានឈ្មោះពិតថា Jimmy Donaldson កើតនៅឆ្នាំ១៩៩៨ ធ្លាប់បានចាប់ផ្ដើមស្គាល់ក្ដីស្រមៃយ៉ាងឆាប់រហ័ស និងហ៊ានដើរតាមក្ដីស្រមៃ តាំងពីវ័យ១៣ឆ្នាំមកម៉្លេះ។ ការចាប់ផ្ដើមដំបូងលោកធ្លាប់ក្រីក្រលំបាក ខ្វះមុខខ្វះក្រោយ មិនមានកាមេរ៉ា និងឧបករណ៍ទំនើបៗសម្រាប់ប្រើប្រាស់នោះទេ ពោលគឺលោកប្រើតែទូរស័ព្ទដៃកញ្ចាស់ កុំព្យូទ័រកញ្ចាស់តែប៉ុណ្ណោះ ដើម្បីផលិតវីដេអូឆ្កួតៗគ្មានគុណភាព និងគ្មានសូម្បីអ្នកចូលចិត្តទស្សនា នៅគ្រាចាប់ផ្ដើមដំបូង។
ក្រោយភ្លៀង មេឃក៏ស្រឡះ ក្រោយតស៊ូលះបង់ស្ទើរស្លាប់ ការងាររបស់លោកក៏បានផ្ដល់នូវលទ្ធផលត្រឡប់មកវិញមហាសាល រហូតធ្វើឱ្យលោកក្លាយជាសេដ្ឋី ទ្រព្យចន្លោះពី៥០ ទៅ៦០លានដុល្លារឯនោះ។
ក្នុងអាជីពជា Youtuber លោកបានសាកល្បងធ្វើរឿងប្លែកៗជាច្រើនខុសពីមនុស្សទូទៅ ធ្លាប់ព្យាយាមផលិតវីដេអូជាច្រើនតែមិនសូវមានអ្នកទស្សនានោះទេ។ ប៉ុន្តែចំណុចពិសេសមួយរបស់លោក គឺជាមនុស្សដែលចូលចិត្តបរិច្ចាគលុយ បរិច្ចាគផ្ទះ បរិច្ចាគឡាន និងអ្វីៗផ្សេងៗជាច្រើនទៅដល់មនុស្សជុំវិញខ្លួន។ លោកធ្វើវីដេអូបរិច្ចាគលុយដល់ជនក្រីក្រ មនុស្សប្លែកមុខ និងមនុស្សដែលលោកមិនធ្លាប់ស្គាល់ជាច្រើន ដែលគិតមកដល់ពេលនេះ លោកបរិច្ចាគប្រាក់រាប់សិបលានដុល្លារទៅហើយ។
លោកបានបង្ហើបថា រាល់ពេលដែលលោកធ្វើការបរិច្ចាគ គឺលុយសំខាន់ ហើយភាពល្បីល្បាញក៏សំខាន់ដែរ ប៉ុន្តែអ្វីដែលរឹតតែសំខាន់បំផុតនោះគឺ លោកចង់ឃើញស្នាមញញឹម ឃើញក្ដីសុខមនុស្សដែលលោកបានបរិច្ចាគ អាចទទួលបាននូវជីវិតផ្លាស់ប្ដូរ។
មកទល់នឹងពេលនេះ លោកមានឆាណែលយូធូបធំៗចំនួន ៦ និងមានអ្នកចូលរួមតាមដានរហូតដល់ទៅជាង១០០លាននាក់ឯនោះ។ មេរៀនដែលយើងអាចរៀនសូត្របានពីបទពិសោធន៍សេដ្ឋីYoutuber រូបនេះគឺ៖ ត្រូវរកក្ដីស្រមៃឱ្យឃើញកាន់តែលឿនកាន់តែល្អ ចាប់ផ្ដើមពីអ្វីដែលយើងអាចធ្វើបាន សាកល្បងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសម្រេចគោលដៅ តស៊ូព្យាយាមមិនបោះបង់ និងត្រូវមានចិត្តសប្បុរចំពោះមនុស្សជុំវិញខ្លួនជានិច្ច៕
ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9