នៅយប់ថ្ងៃទី២៥ ខែឧសភានេះ នឹងមានបាតុភូតតារាសាស្រ្តដ៏កម្រ ព្រះចន្ទ ភពសុក្រ ភពអង្គារ រះជាប់គ្នាភ្លឺខ្លាំង អាចមើលឃើញដោយភ្នែកទទេនៅទិសខាងលិច។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Live Science ចុះនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ព្រះចន្ទបាននឹងកំពុងរំកិលខ្លួនកាត់ ភពសុក្រ និង ភពអង្គារ នៅលើផ្ទៃមេឃនាពេលរាត្រី។ យប់នេះ អ្នកនឹងមើលឃើញភពទាំងពីររះគៀកនឹងព្រះចន្ទ មានពន្លឺភ្លឺច្បាស់ល្អ អាចមើលពីផែនដីដោយភ្នែកទទេគ្រប់ទីកន្លែង សូម្បីតែកម្ពុជាយើង ដោយពុំចាំបាច់ប្រើកែពង្រីក ឬ Telescope ឡើយ។
គួរជម្រាបផងដែរថា បាតុភូតនេះកើតឡើង នៅពេលដែលភពនានាផ្លាស់ទីតាមគន្លងរបស់ខ្លួនក្នុងល្បឿនខុសៗគ្នា ហើយទីតាំងរបស់ភពទាំងនោះទាក់ទងនឹងផែនដីប្រែប្រួលតាមពេលវេលា។ កំឡុងពេលភ្ជាប់គ្នា ភពពីរតម្រឹមគ្នាតាមរបៀបដែលទីតាំងរបស់ពួកគេនៅក្នុងគន្លងរៀងៗខ្លួន ហាក់ដូចជានៅជិតគ្នានៅពេលយើងសម្លឹងមើលពីផែនដីទៅ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)