តើគួរចេញរកស៊ីមុនរៀបការ ឬរៀបការហើយទើបចេញរកស៊ីតាមក្រោយមួយណាល្អជាង? នេះគឺជាសំណួរមួយ ក្នុងចំណោមសំណួរដែលពិបាកឆ្លើយបំផុត និងបានក្លាយទៅជាមន្ទឹលសង្ស័យចំពោះជនប្រុស-ស្រីនៅក្នុងសង្គមខ្មែរ រួមទាំងបណ្តាលប្រទេសជាច្រើនជុំវិញពិភពលោក។
ឆ្លើយតបទៅនឹងសំណួរខាងលើមហាសេដ្ឋីលេខ១ លោក Elon Musk បានបកស្រាយចំៗនៅក្នុងបទសម្ភាសន៍មួយកាលពីពេលកន្លងទៅយ៉ាងដូច្នេះថា៖ «ឥឡូវនេះគឺជាពេលវេលាប្រថុយនឹងហានិភ័យល្អបំផុត អ្នកគ្មានកូនតូចៗទេ អាយុអ្នកកាន់តែច្រើន កាតព្វកិច្ចអ្នកក៏កាន់តែច្រើនដូចគ្នា។ ហើយនៅពេលដែលអ្នកមានគ្រួសារ អ្នកមិនមានប្រថុយហានិភ័យតែម្នាក់ឯងឡើយ គ្រួសាររបស់អ្នកទាំងមូលក៏ចូលរួមដែរ»។ លោកបានបន្តទៀតថា៖ «វាពិតជាពិបាកខ្លាំងណាស់ក្នុងការធ្វើរឿងអាចនឹងមិនដំណើរការ ឬមិនហុចផលឲ្យវិញ។ ដូច្នេះអ្នកគួរចាប់ផ្តើមធ្វើវាឥឡូវនេះ មុនពេលកាតព្វកិច្ចទាំងនោះធ្លាក់លើខ្លួនអ្នក» ជាចុងក្រោយលោក Elon Musk បានសង្កត់ធ្ងន់ថា៖ «ខ្ញុំលើកទឹកចិត្តឲ្យអ្នកប្រថុយនឹងហានិភ័យឥឡូវនេះ ធ្វើអ្វីម្យ៉ាងឲ្យខ្លាំងបំផុត អ្នកនឹងគ្មានថ្ងៃស្តាយក្រោយឡើយ»។
យ៉ាងណាមិញ ការក្លាយជាម្ចាស់អាជីវកម្មដោយខ្លួនឯងគឺជាបំណងប្រាថ្នារបស់មនុស្សភាគច្រើន ជាពិសេសគឺយុវវ័យដែលមានវ័យជំទង់តែម្ដង។ នៅពេលដែលពួកគេទទួលបានការសិក្សាកាន់តែជ្រៅជ្រះ កាន់តែមានសមត្ថភាព ពួកគេក៏ចង់ប្រើជីវិតខ្លួនឯងឱ្យមានភាពឯករាជ្យតាមរយៈការចេញមកចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង។
បើទោះបីជាយ៉ាងណាក៏ដោយការរកស៊ីវាគឺជារឿងងាយស្រួល ប្រសិនបើបុគ្គលម្នាក់នោះមានចំណេះ ជំនាញ បទពិសោធន៍ ទុន ធនធានមនុស្ស សមត្ថភាពគ្រប់គ្រង និងជំនាញអាជីវកម្មផ្សេងៗជាច្រើនទៀតទើបវាអាចជួយឱ្យពួកគេអាចទទួលបាននូវភាពជោគជ័យ។ ផ្ទុយទៅវិញ វាគឺជាហានិភ័យខ្ពស់ខ្លាំងណាស់ប្រសិនបើបុគ្គលម្នាក់ដែលគ្មានចំណុចទាំងប៉ុន្មានខាងលើសោះ ឬមានតិចតួចប៉ុន្តែសម្រេចចិត្តចេញមកធ្វើអាជីវកម្មទាំងដែលខ្លួននៅជាដំឡូងមូលនៅឡើយ។
ដូច្នេះហើយប្រសិនបើពេលនេះអ្នកនៅមានការសង្ស័យ ពិបាកសម្រេចចិត្ត អ្វីដែលអ្នកគួរធ្វើគឺពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំង ចាប់ផ្តើមចេញរកស៊ីកសាងគ្រឹះឲ្យរឹងមាំ បន្ទាប់មកអ្នកអាចកសាងគ្រួសារមួយដ៏កក់ក្តៅ មិនភ័យមុខភ័យក្រោយ ដូចមហាសេដ្ឋីកាន់កាប់ទ្រព្យសម្បត្តិជាង ២៤៩ពាន់លានដុល្លារលោក Elon Musk លើកឡើងខាងលើ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)