កាលពីម្សិលមិញ មេធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Meta លោក Mark Zuckerberg បានបង្ហោះសារពោលពាក្យយ៉ាងសាមញ្ញបំផុតរំលឹកខួបអាពាហ៍ពិពាហ៍១០ឆ្នាំរវាងលោក និងអ្នកស្រី Priscilla Chan បើទោះបីបច្ចុប្បន្ន ប្តីប្រពន្ធមួយគូនេះមានលុយរាប់ពាន់លានដុល្លារហើយក៏ដោយ។
លោក Mark Zuckerberg បានសរសេរនៅលើទំព័រហ្វេសបុកផ្ទាល់ខ្លួនរបស់លោកយ៉ាងដូច្នេះថា៖ «អស់រយៈពេល១០ឆ្នាំដែលយើងបានរៀបការ ហើយពាក់កណ្តាលជីវិតរបស់យើងបានចំណាយពេលរួមរស់ជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធ។ នៅទីនេះយើងមានដំណើរផ្សងព្រេងជាច្រើនទៀតដែលត្រូវកាន់ដៃគ្នាឆ្លងកាត់»។
គួររំលឹកផងដែរថា កន្លែងផ្តើមស្នេហ៍ដំបូងរបស់នាក់ទាំងពីរគឺនៅក្នុងបន្ទប់ទឹកសាកលវិទ្យាល័យ Harvard។ មិនមែនជួបក្នុងបន្ទប់ទឹកតែម្ដងទេ តែកំឡុងពេលដែលលោក Mark Zuckerberg ធ្វើដំណើរទៅបន្ទប់ទឹក។ អ្នកស្រី Priscilla Chan ធ្លាប់លើកឡើងថា៖ «នៅថ្ងៃណាត់ជួបគ្នាជាលើកដំបូងរបស់ពួកយើង Mark បានប្រាប់ខ្ញុំថា លោកបានជ្រើសរើសការមកណាត់ជួបជាមួយខ្ញុំ ជំនួសឲ្យការទៅប្រឡងពាក់កណ្ដាលឆមាសរបស់លោក វាធ្វើឲ្យខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន»។ ក្រៅពីឈ្មោះជាមិត្តស្រី Priscilla Chan ក៏ជាអ្នកដែលបានចុះឈ្មោះបង្កើតគណនីហ្វេសប៊ុកដំបូងបំផុតផងដែរ។
គូស្នេហាមួយគូនេះបានរៀបការក្នុងឆ្នាំ២០១២ ជាមួយនឹងការប្រារព្ធកម្មវិធីតិចតួច មិនធំដុំអធិកអធម្មឡើយ ខណៈគ្រានោះលោក Mark Zuckerberg មានឈ្មោះជាមហាសេដ្ឋីក៏ដោយ។ នៅថ្ងៃមង្គល លោកបានឲ្យកាដូរទៅកាន់ភរិយានូវចិញ្ចៀនដែលខ្លួនបានឌីហ្សាញដោយផ្ទាល់ដៃ។ ចំណែកឯត្បូងរបស់ចិញ្ចៀនមានតម្លៃ១ម៉ឺនដុល្លារ ជាមួយនឹងតួចិញ្ចៀនសរុបជាទឹកប្រាក់ត្រឹមតែ $២៥,០០០ ប៉ុណ្ណោះ។ វាហាក់គ្រាន់តែជាចិញ្ចៀនដ៏សាមញ្ញមួយបើធៀបទៅនឹងទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះដែលពួកគេកំពុងមាន តែវាពិតជាមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់ភរិយាលោក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366