ដាច់ឆ្នាំ២០២៤ ពលរដ្ឋខ្មែរ ជំពាក់បំណុលជិត៦០ពាន់លាន$! ខេត្ត២នេះមានប្រជាជនជំពាក់ធនាគារច្រើនជាងគេបំផុត
Toeuy HongMARCH 15 20257.4 K views

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ  (ខេមបូឌា) ខូ អិលធីឌី ហៅថាកាត់ថាស៊ីប៊ីស៊ីទើបតែចេញរបាយការណ៍ប្រចាំឆ្នាំ២០២៤កន្លងទៅបង្ហាញពីស្ថានភាពឥណទាននៅកម្ពុជា ដោយក្នុងរបាយការណ៍នោះបានបង្ហាញថាគិតត្រឹមចុងខែធ្នូឆ្នាំ២០២៤ គ្រឹះស្ថានជាសមាជិករបស់CBC ទាំងអស់បានផ្ដល់ប្រាក់កម្ចីចំនួន ២៣៦,៤២៩,២៦៦៥លានរៀល(ប្រមាណជាង៥៨.៩៤ពាន់លានដុល្លារ) ដល់ពលរដ្ឋ៥.០៤លាននាក់នៅក្នុង២៥រាជធានីខេត្ត។

 

នៅក្នុង២៥រាជធានីខេត្ត មានរាជធានីខេត្តចំនួន៣គឺ ភ្នំពេញ ខេត្តកណ្ដាលនិងខេត្តសៀមរាបមានអ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុច្រើនបំផុតពោលគឺរហូតដល់ទៅ៦០%នៃសមតុល្យឥណទានសរុប។

 

សម្រាប់រាជធានីភ្នំពេញ មានបរិមាណឥណទានច្រើនជាងគេចំនួន ១១៩,០២១,៩៤៧លានរៀលស្មើនឹង៥០%នៃសមតុល្យឥណទានទូទាំងប្រទេស  និងមានអ្នកខ្ចីប្រាក់ចំនួន៦៩.៦ម៉ឺននាក់។

បន្ទាប់ពីអ្នកភ្នំពេញ ខេត្តដែលមានអ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុច្រើនបំផុតគឺខេត្តកណ្ដាល ដោយមានបរិមាណឥណទានចំនួន ១២,៦៩៧,៦៤៩លានរៀលស្មើនឹង៥%នៃសមតុល្យឥណទានទូទាំងប្រទេសនិងមានអ្នកខ្ចីប្រាក់ចំនួន៣៩.៤ម៉ឺននាក់។

 

ចំណែកខេត្តសៀមរាបគឺជាខេត្តដែលមានអ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុច្រើនបំផុតបន្ទាប់ពីខេត្តកណ្ដាលដោយមានបរិមាណឥណទានចំនួន ១០,៣០៧,៣៥៨លានរៀលស្មើនឹង៤%នៃសមតុល្យឥណទានទូទាំងប្រទេសនិងមានអ្នកខ្ចីប្រាក់ចំនួន៣២.៤ម៉ឺននាក់។ ចំណែកខេត្តដែលមានបរិមាណឥណទានទាបជាងគេចំនួន៣មានដូចជា ខេត្តមណ្ឌលគីរី ប៉ៃលិននិងខេត្តកែប។

 

នៅក្នុងនោះដែរជារួមអត្រានៃការសងត្រលប់យឺតលើស៩០ថ្ងៃមានចំនួន៦.០៣% ដោយក្នុងនោះមានខេត្តចំនួន៣ ដែលមានអត្រារៀងគ្នានៃការសងត្រលប់យឺតលើសពី ៩០ថ្ងៃទាបជាងគេគឺខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកែប និងខេត្តកំពង់ចាម។

ជារួម៧៦% នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់តែពី១ស្ថាប័នប៉ុណ្ណោះ និងប្រហែល២០%នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់២ស្ថាប័ន ហើយ៤%នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់៣ស្ថាប័ន។ ចំណែកខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរីនិងខេត្តកែប មានអត្រាអ្នកខ្ចីប្រាក់តែពី១ស្ថាប័នខ្ពស់ជាងគេលើស៨០%ដែលជាអត្រាល្អមួយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia