ផ្លូវជាតិ​១ ខ្សែដែលឆ្លងកាត់ខេត្ដ ២ នេះ នឹងត្រូវបើកសម្ពោធដាក់ឲ្យដំណើរការឆាប់ៗនេះ
Bunthoeun KoemMARCH 17 2025329 views

គម្រោងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣៣ ចាប់ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) នឹងត្រៀមដាក់សម្ពោធជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ។ ដោយពិធីសម្ពោធនេះ ក៏នឹងមានការអញ្ជើញចូលរួមក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

484841720 964742435836751 5287579041799340844 N

 

តាមការចុះផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការងារពង្រីក និងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ៣៣ ចាប់ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) និងទីតាំងប្រារព្ធពិធី សម្រាប់ត្រៀមដាក់សម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ សមាជិកក្រុមការងារពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ផងដែរ។

 

ការចុះពិនិត្យនេះក្នុងគោលបំណង ដើម្បីពិនិត្យមើលស្ថានភាពផ្លូវថ្នល់នៅក្រោយពេលសាងសង់បន្ទាប់ពីធ្វើការប្រគល់-ទទួលរួចរាល់ រក្សាបាននូវគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែង ជាពិសេសស្វែងរកទីតាំងល្អសម្រាប់ប្រារព្ធពិធី ដែលត្រៀមដាក់សម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខ។​ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលបានខិតខំបំពេញកិច្ចការងារថែទាំផ្លូវមួយខ្សែនេះដោយយកចិត្តទុកដាក់ ធ្វើឱ្យមានភាពងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការដឹកជញ្ជូនទំនិញឆ្លងកាត់ ផងដែរ។

 

សូមបញ្ជាក់ជូនថា គម្រោងនេះ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដោយមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប៕

 

484190357 964745902503071 7099828855529233502 N

484142932 964745942503067 3520873587435201254 N

484331708 964746075836387 9133561595892049659 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia