នៅពេលដែលយើងចាប់ផ្តើមប្រកបមុខរបររកស៊ីការជ្រើសរើសដៃគូជារឿងសំខាន់បំផុត ព្រោះបើយើងជ្រើសត្រូវមុខរបរក៏រីកចម្រើនទៅតាមហ្នឹង តែបើជ្រើសខុសវានឹងធ្វើឱ្យយើងខាតទាំងលុយខាតទាំងពេលវេលាផងដែរ។ ដើម្បីកុំឱ្យអ្នករកស៊ីថ្មីថ្មោង ជ្រើសរើសដៃគូរកស៊ីខុស ស្ថាបនិក The Street Cambodia គឺអ្នកនាង សុខ ខេង បង្ហើបពីមនុស្ស ៣ប្រភេទដែលមិនគួរប្រថុយរកស៊ីជាមួយដាច់ខាត
គ្មានពេលវេលាគ្រប់គ្រាន់៖ អ្នកនាង សុខ ខេង បាននិយាយថា នៅពេលចាប់ផ្តើមរកស៊ីជាលើកដំបូងៗ វាជាពេលវេលាមួយដែលយើងត្រូវលះបង់ការងារផ្សេងៗ ដើម្បីមកផ្តោតនៅមុខរបររបស់យើងឱ្យកាន់តែខ្លាំង។ នៅក្នុងនោះ ប្រសិនយើងជាម្ចាស់អាជីវកម្មហើយមានដៃគូដាក់ហ៊ុនរកស៊ីជាមួយ យើងត្រូវនាំគ្នាគិតពីអាជីវកម្មឱ្យបានម៉ត់ចត់ ប៉ុន្តែបើយើងរើសបានដៃគូម្នាក់ដែលពុំសូវមានពេលវេលាគ្រប់គ្រាន់ជាមួយអាជីវកម្ម ហើយមើលទៅគាត់មានភាពមមាញឹកច្រើន ពុំសូវចេះខ្វាល់ខ្វល់ពីការងារ មិនចេះយកចិត្តទុកដាក់ជាមួយបុគ្គលិក ឬគ្មានពេលគិតពីអាជីវកម្មដើម្បីពង្រីកទៅមុខបន្ថែមទៀត មនុស្សបែបនេះយើងមិនគួរប្រថុយរកស៊ីជាមួយទេ។
មនុស្សសម្លឹងឃើញតែលុយ៖ ស្ថាបនិក The Street Cambodia បានបន្ថែមថា ដៃគូរកស៊ីមួយប្រភេទដែលពុំសូវមានពេលជាមួយអាជីវកម្ម គិតតែសួររឿងប្រាក់ចំណេញ សួរតែរឿងលុយយើងពុំគួររកស៊ីជាមួយទេ ព្រោះមនុស្សបែបនេះអាចនិយាយបានថាគេពុំសូវស្រលាញ់អាជីវកម្មទេ តែគេចូលមកព្រោះតែឃើញផលប្រយោជន៍ ចូលមកព្រោះតែដើម្បីលុយប៉ុណ្ណោះ។
ហើយសម្រាប់ក្រុមមនុស្សដែលសម្លឹងឃើញតែលុយនេះ ទោះបីជាអាជីវកម្មយើងធំយ៉ាងណាក៏ដោយ ជោគជ័យយ៉ាងណាក៏ដោយ ក៏វាអាចដួលទៅវិញបានដែរ ដោយសារតែដៃគូយើងសម្លឹងឃើញលុយខ្លាំងជាងថែរក្សាអាជីវកម្មឱ្យបានគង់វង្ស។
មនុស្សមិនស្រលាញ់អាជីវកម្ម៖ ចំពោះបុគ្គលដែលពុំសូវស្រលាញ់អាជីវកម្មនេះគឺមានន័យថា នៅពេលដែលពួកគាត់ចាប់ផ្តើមដាក់លុយរកស៊ីជាមួយយើង គឺពួកគាត់ដាក់ឱ្យតែហើយៗ ពោលគឺមិនសូវចាប់អារម្មណ៍ថាខែនេះអាជីវកម្មយើងដើរដល់ណា អាជីវកម្មយើងខែនេះធ្លាក់ឬចុះ ហើយខែនេះយើងត្រៀមយុទ្ធសាស្រ្តអ្វីខ្លះដើម្បីទាក់ទាញអតិថិជនឱ្យកាន់តែច្រើនឡើង។ ដោយការងារទាំងអស់គឺគាត់ចាំតែយើងម្នាក់ ឱ្យយើងគិតតែម្នាក់ឯង ប្រឹងម្នាក់ឯងពេលបានផលគាត់ជាអ្នកទទួល តែពេលអាជីវកម្មធ្លាក់ចុះគាត់មិនខ្វល់ទេ ដូចនេះប្រសិនជាយើងទៅរកស៊ីជាមនុស្សមានលុយ តែមិនស្រលាញ់អាជីវកម្មទេនោះ ទោះមុខរបរនោះធំយ៉ាងណាក៏ដួលបានដែរប្រសិនជាយើងរើសដៃគូមិនត្រូវ៕