កន្លងមកមានមនុស្សមិនតិចទេដែលយកលុយទៅកប់ចោលក្នុងដី ក៏ព្រោះតែពេលទិញមិនបានគិតឱ្យគ្រប់ជ្រុងជ្រោយឬ ជឿពាក្យគេថា ដីនៅកន្លែងនេះល្អ ដីនៅកន្លែងនោះល្អ តែចុងក្រោយគឺយកលុយទុកចោលក្នុងដីដោយសារទិញដីមិនងាយឡើងថ្លៃ។ ជាក់ស្ដែងសូម្បីតែអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លោក គាម សៀកឡុង ជាម្ចាស់សៀវភៅ វីថីអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន Century 21 Dream Property ក៏ធ្លាប់ជួបរឿងនេះដែរពេលលោកចាប់ផ្ដើមវិនិយោគលើកដំបូង។
ថ្លែងប្រាប់ Business Cambodia លោក គាម សៀកឡុង បានឲ្យដឹងថា កាលទិញដីខុសនៅពេលនោះគឺដោយសារ ទិញតាមអារម្មណ៍ដោយមិនបានប្រឹក្សាជាមួយអ្នកជំនាញ និងសិក្សាឲ្យបានច្បាស់លាស់ មួយទៀតការគឺជឿតាមការអូសទាញរបស់មិត្ដភក្ដិ ។ លោកបញ្ជាក់បញ្ជាក់ថា“ ពីមុនមកខ្ញុំធ្លាប់ទិញខុសៗដោយយកលុយទៅកប់ចោលច្រើនកន្លែង ព្រោះតែជឿតាមគេ”។ ការទិញខុសនេះហើយ ទើបធ្វើឲ្យលោកចាប់ផ្ដើមរៀនសូត្រកាន់តែច្រើនទៅលើការវិនិយោគដី ទាំងជាមួយអ្នកជំនាញ និងការសង្កេតដោយខ្លួនឯងផងដែរ រហូតមានបទពិសោធន៍ច្រើននៅក្នុងការវិយោគអចលនទ្រព្យនេះ។
យ៉ាងណាមិញដើម្បីកុំឱ្យអ្នកវិនិយោគជំនាន់ក្រោយជួបនៅបញ្ហាដូចរូបលោក លោក គាម សៀកឡុង ក៏បានប្រាប់ពីគន្លឺះមួយចំនួនដែលអ្នកវិនិយោគថ្មីថ្មោងត្រូវធ្វើមុនសម្រេចចិត្ដទិញ៖
១ ប្រឹក្សាជាមួយអ្នកជំនាញៈ លោកអ្នកត្រូវសិក្សាត្រង់ចំណុចនេះលោកអ្នកត្រូវចេះប្រឹក្សាជាមួយអ្នកជំនាញ ឱ្យបានច្បាស់អំពីមុននឹងសម្រេចចិត្តទិញ។
២. រៀបចំលំហូរសាច់ប្រាក់ៈ ការរៀបចំសាច់ប្រាក់គឺសំខាន់ ត្រូវចេះបែងចែកឱ្យបានច្បាស់លាល់មុននឹងសម្រេចចិត្តដាក់ទុនទៅវិនិយោគ។
ក្នុងនោះលោកក៏បានបង្ហើបដែរថា សម្រាប់ទិតាំងវិនិយោគដែលល្អបច្ចុប្បន្ន គឺនៅជាយរាជធានីភ្នំពេញ ដែលមានចម្ងាយចន្លោះពី២០ ទៅ ៣០ គីឡូម៉ែត្រ។ ហើយការវិនិយោគនេះទៀត គឺត្រូវយកទំហំពី ២ពាន់ម៉ែត្រការ៉េឡើងទៅមានផ្លូវចេញចូលធំល្អ គឺមានឱកាសចំណេញច្រើន។ ចំពោះតំបន់ដីដែលមានសក្ដានុពលល្អគឺនៅជាប់នឹងផ្លូជាតិលេខ 6A ព្រោះនៅតំបន់នោះមានគ្រោងបុរីធំជាច្រើនកំពុងសំរុកទៅ មួយវិញទៀតជាផ្លូវដែលមានចរាចរមមាញឹកច្រើន និងតភ្ជាប់ទៅកាន់ខេត្ដសំខាន់ៗជាច្រើនផងដែរ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ