Elon Musk ទើបប្រកាសដកបុគ្គលិកជិត១ម៉ឺននាក់ ពេលនេះ ធនាគារអាមេរិកធំជាងគេ ត្រៀមដកបុគ្គលិកដែរ
Toeuy HongJUNE 23 2022393 views

ក្រុមហ៊ុន JPMorgan Chase & Co. ដែលជាធនាគារធំបំផុតនៅក្នុងសហរដ្ឋអាមេរិកកំពុងបញ្ឈប់បុគ្គលិកផ្នែកផ្ដល់ប្រាក់កម្ចីទិញផ្ទះរាប់រយនាក់ ខណៈអត្រាការប្រាក់កើនឡើងខ្លាំងធ្វើឱ្យតម្រូវការកម្ចីធ្លាក់ចុះជាលំដាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Standard នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

ជាក់ស្ដែងធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបានសម្រេចចិត្តបង្កើនការប្រាក់ដល់ ០.៧៥% ដើម្បីប្រឆាំងអតិផរណា ខណៈវាជាចំនួនដែលខ្ពស់បំផុតនៅអាមេរិកបើរាប់ពីឆ្នាំ១៩៩៤។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យរបស់ JPMorgan បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា “យើងសម្រេចចិត្តបញ្ឈប់បុគ្គលិកផ្នែកកម្ចីទិញផ្ទះ ក៏ព្រោះតែតម្រូវការកម្ចីប្រភេទនេះមានការធ្លាក់ចុះជាខ្លាំង”

ប្រភពដដែលបានឱ្យដឹងថា មានបុគ្គលិកដល់ទៅជាង ១,០០០នាក់ដែលកំពុងប្រឈមនឹងការបញ្ឈប់ពីការងារ​។ យ៉ាងណាមិញខាងក្រុមហ៊ុនបានបញ្ជាក់ថា “ក្នុងចំណោមបុគ្គលិកដែលកំពុងប្រឈមនោះ យើងអាចនឹងជួយបុគ្គលិកមួយចំនួនដោយការផ្លាស់ឱ្យទៅធ្វើការនៅផ្នែកផ្សេងក្នុងក្រុមហ៊ុនរបស់យើងដដែល ចំណែកឯមួយចំនួនផ្សេងទៀតយើងកំពុងព្យាយាមជួយពួកគេស្វែងរកការងារនៅខាងក្រៅ”

អាស្រ័យតាមបញ្ហាខាងលើនេះបានបង្ហាញឱ្យឃើញថា ការកើនឡើងនៃអត្រាការប្រាក់គឺអាចជះឥទ្ធិពលទៅដល់អាជីវកម្មបាន។ នៅសហរដ្ឋអាមេរិកពេលនេះអត្រាការប្រាក់កំពុងខ្ពស់ មានន័យថាខ្ចីលុយពីធនាគារក៏អស់ការប្រាក់ច្រើន ហើយបើផ្ញើលុយនៅធនាគារក៏បានការប្រាក់ច្រើន។ ជាធម្មតាអតិថិជននឹងកាត់បន្ថយការខ្ចី រួចងាកមកចាប់អារម្មណ៍លើការដាក់ប្រាក់បញ្ញើវិញ ចំណុចនេះនឹងអាចធ្វើឱ្យចរន្តសាច់ប្រាក់នៅក្នុងធនាគារអាចជួបភាពរអាក់រអួល ហេតុនេះថ្នាក់ដឹងនាំធនាគារចាំប្រាច់ត្រូវរកដំណោះស្រាយឱ្យបានទាន់ពេល៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia