ជប៉ុននឹងឱ្យទិដ្ឋការ អ្នកធ្វើការចល័តពី៤៩ប្រទេស ដើម្បីជំរុញសេដ្ឋកិច្ច ក្រោយរដ្ឋកំពុងជួបវិបត្តិ១នេះ
Ping Chou EngOCTOBER 23 202498 views

ជប៉ុនគ្រោងផ្តល់ទិដ្ឋការឌីជីថល (Digital Nomads Visa) មានរយៈពេល៦ខែ សម្រាប់អ្នកធ្វើការចល័ត ដែលជាពលរដ្ឋមកពីប្រទេសចំនួន៤៩ ដើម្បីស្នាក់នៅក្នុងប្រទេសជប៉ុនដោយស្របច្បាប់ ដើម្បីជួយជំរុញសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍ ក្រោយប្រទេសជប៉ុនកំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្ត ពោលមានមនុស្សចាស់កាន់តែច្រើន ហើយកម្លាំងពលកម្មវ័យក្មេងកាន់តែថយចុះ។

 

 

កាសែត ​Japan Times បានរាយការណ៍ថា ទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ជប៉ុន (ISA) បានប្រកាស ថាប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមចេញទិដ្ឋាការរយៈពេលប្រាំមួយខែ សម្រាប់ជនអន្តោប្រវេសន៍ជានិយោជិកឬអ្នកធ្វើការងារចល័តតាមរយៈឌីជីថល ដែលមានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ១០លានយ៉េន (68,300 ដុល្លារ) ឡើងទៅដើម្បីអាចស្នាក់នៅនិងធ្វើការពីចម្ងាយនៅគ្រប់ទីកន្លែងក្នុងប្រទេស ទោះបីជាមិនមាន ការងារធ្វើក្នុងប្រទេសជប៉ុនក៏ដោយ។

 

 

ក្នុងនោះប្រទេសដែលមានសិទ្ធិទទួលបានទិដ្ឋាការនេះ រួមមានបណ្តាប្រទេស នៅសហភាពអឺរ៉ុបទាំងអស់ អាមេនី បេឡារុស្ស ហ្សកហ្ស៊ី អ៊ីស្លង់ លីចតេនស្ទីន ម៉ុលដាវី ម៉ូណាកូ ម៉ាសេដូនខាងជើង ន័រវេស ស៊ែប៊ី ស្វីស តួកគី សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។

 

 

ចំពោះកម្មវិធីទិដ្នាការឌីជីថលនេះដែរជប៉ុនគ្រោងនឹងអនុម័តនៅខែមីនា ឆ្នាំ២០២៥  ហើយមនុស្សម្នាក់ដែលទទួលបានទិដ្ឋការនេះ ត្រូវតែមានធានារ៉ាប់រងសុខភាពហើយប្តីឬប្រពន្ធនិងកូនក៏នឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសជប៉ុនដែរ ប៉ុន្តែពួកគេនឹងមិនត្រូវបានផ្តល់ប័ណ្ណស្នាក់នៅឬលិខិតបញ្ជាក់ទីលំនៅ ដែលអាចមានសិទ្ធិទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរដ្ឋាភិបាលជប៉ុននោះឡើយ។

 

 

យ៉ាងណាមិញផ្អែកលើការផ្លាស់ប្តូរនិន្នាការការងារពីការិយាល័យ មកជាការងារចល័ត និងការផ្តល់ទិដ្ឋការរយៈពេលលើស៩០ថ្ងៃនេះ កំពុងត្រូវបានលើកទឹកចិត្តដោយរដ្ឋាភិបាលផ្សេងៗនៅជុំវិញពិភពលោក ព្រោះនេះជាវិធីសាស្រ្តមួយដែលត្រូវបានគេចាត់ទុកថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការជំរុញទេសចរណ៍ និងជំរុញការបង្កើតថ្មីក្នុងស្រុក៕

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia