ជប៉ុនបង្ហាញពីគោលបំណងនៅក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតំបន់ពិសេសជនបទនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត Shoichi Kobayashi ជាអ្នកវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (Japan Development Institute Ltd. ហៅកាត់ថាJDI) នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារនេះ លោកបណ្ឌិត Shoichi Kobayashi បានជម្រាបអំពីគោលបំណងក្នុងការផ្តួចផ្តេីមគំនិតក្នុងការវិនិយោគលើវិស័យកសិកម្មនិងជនបទ ដោយមានចេតនាបង្កេីតតំបន់សេដ្ឋកិច្ចពិសេសជនបទ ដេីម្បីចូលរួមលេីកស្ទួយការវិនិយោគនៅជនបទ ស្របតាមទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ និងសម្តេចមហាបវរធិបតី។
តាំងពីឆ្នាំ១៩៩៥ លោកមានពិសោធន៍ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល បង្កេីតការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅកម្ពុជារួមទាំងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ និងមានពិសោធន៍ក្នុងការជួយរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍បែបនេះជាង៣០ប្រទេសលេីពិភពលោក។
ជាក់ស្តែងតាមរយៈតំបន់សេដ្ឋកិច្ចនៅកម្ពុជាបានចូលរួមអភិវឌ្ឍន៍នៅកម្ពុជា បានស្រូបទាញអ្នកវិនិយោគជប៉ុនជាច្រេីនឱ្យមកវិនិយោគនៅកម្ពុជា និងមានកម្មករ-កម្មការីប្រមាណជាងកន្លះលាននាក់កំពុងបម្រេីការងារ។ លោកបណ្ឌិត ក៏មានបំណងសិក្សាស្វែងយល់អំពីយុទ្ធសាស្ត្ររបស់អង្គភាពCMAC និងបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍន៍នៅក្នុងសហគមន៍មូលដ្ឋានដែលបានបោសសម្អាតមីនរួច ដោយប្រើប្រាស់ជំនួយរបស់រដ្ឋាភិបាលជប៉ុន។
ជាការឆ្លើយតប ឯកឧត្តម ប្រតិភូសូមគាំទ្រចំពោះការលើកឡើងរបស់លោកបណ្ឌិត Shoichi Kobayashi ប្រធានJDI លេីការជំរុញការអភិវឌ្ឍកសិកម្មនិងជនបទ តាមរូបភាពការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជនបទ ដែលសម្តេចធិបតីបាននិងកំពុងខិតខំដឹកនាំនិងជំរុញគោលនយោបាយរាជរដ្ឋាភិបាល ដ៍មានសក្តានុពលសម្រាប់ប្រជាជនកម្ពុជានៅជនបទនេះ៕