អ្នកណាៗក៏ប្រាថ្នាចង់ទិញផ្ទះមួយរស់នៅសមរម្យតាមក្ដីស្រមៃព្រោះផ្ទះគឺជាជម្រកកក់ក្ដៅសម្រាប់ក្រុមគ្រួសារ។ យ៉ាងណាមិញពេលខ្លះការទិញផ្ទះមិនមែនសុទ្ធតែជារឿងល្អនោះទេតែផ្ទុយទៅវិញការទិញផ្ទះក៏អាចក្លាយជាសុបិន្តអាក្រក់។
ទាក់ទងនឹងការទិញផ្ទះនេះដែរ សេដ្ឋី Warren Buffett ដែលជាស្ដេចវិនិយោគប្រចាំសតវត្សទី២១មានទ្រព្យរាប់ពាន់លានដុល្លារនិងរស់នៅតែផ្ទះដដែលរយៈពេល៦៦ឆ្នាំមិនព្រមដូរបានលើកឡើងថា”ការទិញផ្ទះគឺអាចក្លាយជាសុបិន្តអាក្រក់សម្រាប់អ្នកទិញបើអ្នកទិញផ្ទះលើសពីលទ្ធភាពរបស់អ្នក”។
លោកសេដ្ឋីវ័យ៩៣ឆ្នាំរូបនេះបានព្រមានទៀតថាការចំណាយលុយច្រើនហួសហេតុពេកទៅលើអចលនទ្រព្យជាពិសេសទិញផ្ទះថ្លៃលើសពីលទ្ធភាពវានឹងធ្វើឲ្យជៈឥទ្ធិពលមិនល្អទៅដល់ហិរញ្ញវត្ថុរបស់អ្នកនៅពេលអនាគតពោលគឺលុយដែលអ្នករកបាននឹងត្រូវចំណាយភាគច្រើនលើការបង់រំលស់ទិញផ្ទះដែលធ្វើឲ្យអ្នកខ្វះខាតលុយសម្រាប់សម្រេចគោលដៅហិរញ្ញវត្ថុផ្សេងៗក្នុងជីវិតហើយជីវិតអ្នកក៏មិនងាយមានភាពល្អប្រសើរដែរ។
ក្បួនទិញផ្ទះកុំឲ្យជួបហានិភ័យអំឡុងពេលបង់រំលស់ផ្ទះ
ដើម្បីចៀសវាងហានិភ័យក្នុងការទិញផ្ទះ អ្នកអាចប្រើក្បួនទិញផ្ទះ៣០/៣០/៣គឺជាក្បួនទិញផ្ទះដែលណែនាំដោយលោក Sam Dogen ជាអ្នកនិពន្ធនិងអ្នកជំនាញហិរញ្ញវត្ថុរបស់អាមេរិក។ លោកថាលោកបង្កើតក្បួននេះឡើងដើម្បីការពារអ្នកទិញផ្ទះកុំឲ្យរងសម្ពាធនៃលុយកាក់ឬស្រ្តេសពីការទិញផ្ទះដែលលើសពីលទ្ធភាព។
ក្បួនទិញផ្ទះនេះចែកចេញជា៣ផ្នែក ហើយបើអ្នកមិនអាចអនុវត្តន៍តាមបានទាំង៣ជំហាននេះទេ យ៉ាងហោចណាស់អ្នកគួរអនុវត្តន៍តាមជំហានណាមួយក្នុងចំណោមជំហានទាំង៣នេះ។
១. បង់រំលស់ផ្ទះប្រចាំខែមិនគួរលើស៣០%នៃចំណូលប្រចាំខែ៖ ឧទាហរណ៍បើគ្រួសារអ្នកមានចំណូលប្រចាខែសរុប២,០០០ដុល្លារ នោះបើចង់ទិញផ្ទះបង់រំលស់ មិនគួរបង់រំលស់ប្រចាំខែលើសពី៦០០ដុល្លារឡើយ។
២. គួរមានលុយសន្សំយ៉ាងតិច៣០%នៃតម្លៃផ្ទះសរុប៖ អ្នកគួរមានប្រាក់សន្សំយ៉ាងតិចចំនួន៣០%នៃតម្លៃផ្ទះសរុប។ ឧទាហរណ៍បើផ្ទះតម្លៃ៧ម៉ឺនដុល្លារ អ្នកគួរមានលុយសន្សំចំនួន២១,០០០ដុល្លារ។ ជាធម្មតាពេលអ្នកទិញផ្ទះបង់រំលស់ ភាគច្រើនម្ចាស់គម្រោងតែងតែតម្រូវឲ្យមានប្រាក់កក់មុន(Down payment)ពី២០ទៅ៣០% នៃតម្លៃផ្ទះសរុប។
ការមានប្រាក់សន្សំ៣០%នៃតម្លៃផ្ទះនេះនឹងជួយឲ្យអ្នកមានលទ្ធភាពបង់រំលស់ទាំងការប្រាក់និងដើម្បីបានក្នុងកម្រិតទាប។ ចំពោះការបង់រំលស់ផ្ទះនេះទៀតសោត បើមិនជាអាច អ្នកគួរបង់រំលស់ជាមួយធនាគារ ជាជាងបង់រំលស់ជាមួយម្ចាស់គម្រោង។ បង់រំលស់ជាមួយធនាគារការប្រាក់ទាបជាងបង់ជាមួយម្ចាស់គម្រោងផ្ទាល់ហើយសុវត្ថិភាពព្រោះធនាគារនីមួយៗមុននឹងសម្រេចចិត្តឲ្យអ្នកខ្ចីលុយគេបានធ្វើការវាយតម្លៃពីលទ្ធភាពរបស់អ្នករួចហើយ។
៣. តម្លៃផ្ទះមិនគួរលើស៣ដងនៃប្រាក់ចំណូលប្រចាំឆ្នាំ៖ ឧទាហរណ៍គ្រួសារបស់អ្នកមានចំណូលប្រចាំឆ្នាំចំនួន១២,០០០ដុល្លារនោះតម្លៃផ្ទះដែលអ្នកទិញមិនគួរលើស៣៦,០០០ដុល្លារឡើយ។
បន្ទាប់អានពីក្បួនទិញផ្ទះ ៣០/៣០/៣ ចប់ហើយច្បាស់ជាមួយមានបងប្អូនមួយចំនួនធំប្រតិកម្មថា បើចង់ទិញផ្ទះប្រើក្បួននេះ មិនដឹងជាឆ្នាំណាទើបបានផ្ទះរស់នៅដូចគេដូចឯងទេ។ ប៉ុន្ដែខ្ញុំបានបញ្ជាក់ច្បាស់ៗដោយសរសេរអក្សដិតខាងរួចហើយថាបើអ្នកមិនអាចអនុវត្តន៍តាមបានទាំង៣ជំហាននេះទេ យ៉ាងហោចណាស់អ្នកគួរអនុវត្តន៍តាមជំហានណាមួយក្នុងចំណោមជំហានទាំង៣នេះ។ ក្បួននេះគឺវាជួយការពារបងប្អូនដើម្បីកុំឲ្យទិញផ្ទះលើសលទ្ធភាពដែលធ្វើឲ្យបងប្អូនរងសម្ពាធនៃលុយកាក់និងបាត់ឱកាសប្រើលុយសម្រាប់ធ្វើរឿងផ្សេងៗព្រោះទិញផ្ទះថ្លៃពេក៕