អគារ J Tower 3 ដែលជាអគារខ្ពស់ជាងគេនៅកម្ពុជា និងមានកម្ពស់ខ្ពស់ជាងគេទី៨ នៅតំបន់អាស៊ី ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ គម្រោងអគារខ្ពស់ជាងគេនៅកម្ពុជានេះមានកម្ពស់ ៣២០ ម៉ែត្រ និងមាន ៧៧ ជាន់ ដែលត្រូវចំណាយថវិកាសម្រាប់ការសាងសង់ប្រមាណជាង ១៥០ លានដុល្លារអាមេរិក។
គម្រោងអគារដ៏ខ្ពស់ស្កឹមស្កៃនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនក្រុមហ៊ុន ជប៉ុន តានីជូ គ្រុប មានទីតាំងស្ថិតនៅជាប់តំបន់បឹងកេងកង១ ដែលជាតំបន់ដ៏មានសក្ដានុពលក្នុងរាជធានីភ្នំពេញ។ តាមការលើកឡើងពីលោក តានី ស៊ុនជី អគ្គនាយកក្រុមហ៊ុន តានីជូ បានឲ្យដឹងថា គម្រោងនេះ នឹងចំណាយសាងសង់រយៈពេល៥ឆ្នាំ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៨ ខាងមុខ។
អគារថ្មីនេះនេះគឺប្រភេទខុនដូសម្រាបរស់នៅ ដោយក្នុងនោះក្រុមហ៊ុននឹងធ្វើការរៀបចំជាស្កាយបារ អាងហែលទឹកខ្ពស់ជាងគេនៅលើពិភពលោកនៅជាន់ទី៧៧ និងមានភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងហាត់ប្រាណជាដើម។
គួរជម្រាបផងដែរថា ក្រៅពីគម្រោង J Tower 3 នេះ ក្រុមហ៊ុន តានីជូ គ្រុប បានសាងសង់អគារ J Tower 2 ដែលមានទីតាំងស្ថិតនៅតំបន់បឹងកេងកងនេះផងដែរ៕