ក្រុមហ៊ុនយក្ស Apple បានប្រកាសលក់បញ្ចុះតម្លៃទូរស័ព្ទ iPhone រហូតដល់ទៅ ៣១៨ដុល្លារ នៅលើគេហទំព័រផ្លូវការ Tmall នៅក្នុងទីផ្សារប្រទេសចិន ការបញ្ចុះតម្លៃនេះគឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនយក្ស Apple កំពុងតែរងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីក្រុមហ៊ុនក្នុងស្រុកចិនគឺក្រុមហ៊ុន Huawei ។
ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន e-vnexpress បានឱ្យដឹងថា Apple នឹងលក់បញ្ចុះតម្លៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា ចំណែកម៉ូឌែលទូរស័ព្ទដែលលក់បញ្ចុះតម្លៃច្រើនជាងគេនោះគឺម៉ូដែលទូរស័ព្ទ iPhone 15 Pro Max 1TB ។
លើសពីនេះទៅទៀត ការខិតខំប្រឹងប្រែងលក់បញ្ចុះតម្លៃកាលពីកន្លងទៅរបស់ក្រុមហ៊ុន Apple គឺបានជួយក្រុមហ៊ុនឱ្យកាត់បន្ថយការធ្លាក់ចុះនៅក្នុងការលក់នៅក្នុងប្រទេសចិនបានច្រើន ដូច្នេះហើយទើបនាពេលនេះក្រុមហ៊ុន Apple បានចាប់ផ្តើមលក់បញ្ចុះតម្លៃជាថ្មីម្តងទៀត។
គួរបញ្ជាក់ថា ការនាំចេញរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានកើនឡើង ១២% នៅក្នុងខែមីនា នេះបើយោងតាមការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យពី China Academy of Information and Communication Technology (CAICT)។ នេះបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ពីពីរខែដំបូងនៃឆ្នាំ ២០២៤ ខណៈនៅពេលកន្លងទៅក្រុមហ៊ុនបានជួបប្រទះនឹងការធ្លាក់ចុះនៃការលក់រហូតដល់ទៅ ៣៧% ៕