ថៃ ឡាវ និងមីយ៉ាន់ម៉ា កំពុងឡើងអតិផរណាខ្ពស់ ខណៈទំនិញ៣មុខនេះ ឡើងថ្លៃជាងគេ
Toeuy HongJULY 11 202210.9 K views

អត្រាអតិផរណាកើនឡើងសឹងតែគ្រប់បណ្ដាប្រទេសនៅលើសកលលោក ក្នុងនោះប្រទេសមួយចំនួនមានអតិផរណាស្ទុះឡើងខ្ពស់ខុសពីធម្មតា ដូចជាប្រទេសក្បែរខាងកម្ពុជាទាំង ៣ រួមមាន ថៃ ឡាវ និងមីយ៉ាន់ម៉ា ជាដើម។ នេះបើយោងតាមទិន្នន័យរបស់គេហទំព័រ​Trading Economics។

ទន្ទឹមនឹងអតិរផណាកើនឡើងយ៉ាងគំហុកនៅក្នុងប្រទេសទាំង៣ខាងលើ​គេសង្គេតឃើញថាមានទំនិញ ៣ប្រភេទសំខាន់ៗដែលកំពុងតែឡើងថ្លៃខ្លាំង។ ទំនិញទាំងនោះមានដូចជា ប្រេងឥន្ធនៈ ហ្គាសចម្អិនអាហារ និងទំនិញប្រើប្រាស់ដែលនាំចូល។ យ៉ាងណាមិញនៅក្នុងប្រទេសថៃ និងឡាវ ត្រូវបានរដ្ឋាភិបាលចេញវិធានការទប់តម្លៃប្រេង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពខ្វះខាតប្រេងប្រើប្រាស់។

ទិន្នន័យពីប្រភពដដែលបានឱ្យដឹងថា កម្រិតអតិផរណារបស់ប្រទេសថៃមាន ៧.៦៦% ខណៈចំនួននេះជាចំនួនខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសសេដ្ឋកិច្ចលំដាប់ទី២របស់អាស៊ានមួយនេះ។ ចំណែកឯប្រទេសឡាវវិញ មាន​ ២៣.៦% ជាចំនួនដែលបញ្ជាក់ពីស្ទុះឡើងសឹងតែចាប់មិនឈ្នះ ព្រោះតែសន្ទុះនៃថ្លៃទំនិញប្រើប្រាស់កើនឡើងលើសពីការរំពឹងទុក។ បើនិយាយអំពីប្រទេសមីយ៉ាន់ម៉ាវិញ អត្រាអតិផរណាមាន​ ១៣.៨២% និងត្រូវបានធនាគារពិភពលោកព្យាករណ៍ថា សេដ្ឋកិច្ចរបស់​ប្រទេសអាស៊ានមួយនេះកំពុងតែធ្លាក់ចូលទៅភាពច្របូកច្របល់ជាខ្លាំង។

គួរបញ្ជាក់ផងដែរថាមកដល់ពេលនេះមិនទាន់មានអ្នកជំនាញណាម្នាក់ដែលអាចបញ្ជាក់ថា អត្រាអតិផរណានឹងថយចុះមកវិញ ឬក៏នឹងបន្តកើនឡើងដល់កម្រិតណាទៀតនោះទេ ព្រោះថា បរិមាណផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅតែឈរជាហេតុផលយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ជាក់ស្ដែងបើបរិមាណផ្គត់ផ្គង់ប្រេងឥន្ទនៈកាន់តែតិចតម្លៃរបស់វាក៏នឹងកាន់តែកើនឡើង​ ផ្ទុយទៅវិញ បើបរិមាណផ្គត់ផ្គង់ច្រើន តម្លៃរបស់វានឹងកាន់តែថយចុះ។

សម្រាប់​បងប្អូនមិនទាន់យល់ថាអ្វីទៅជាអតិផរណា សូមអានអត្ថបទ” អតិផរណានៅកម្ពុជាដល់ ៧.២%! តោះមកដឹងថាអ្វីជាអតិផរណា? ហេតុអ្វីបានជាវាកើនឡើង?

អត្ថបទដោយ៖​ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia