ញុំាមីកញ្ចប់ កុំឱ្យមិនដឹងប្រភព! មកស្គាល់ម្ចាស់ក្រុមហ៊ុន ផលិតមីគោកឥណ្ឌូមី  ជាអ្នកមានលំដាប់ទី៥ក្នុងប្រទេស
Ping Chou EngNOVEMBER 21 2024323 views

មីកញ្ចប់គឺជាអាហារដ៏ពេញនិយមមួយរបស់ជនជាតិអាស៊ី អ្នកនិយមញុំាមីកញ្ចប់ភាគច្រើននៅកម្ពុជាយើង ប្រាកដជាស្គាល់ច្បាស់មីគោកឥណ្ឌូមី (Indomei) យីហោខ្នាតយក្សឥណ្ឌូនេស៊ីរបស់ក្រុមហ៊ុន Indofood ជាឧស្សាហកម្មផលិតមីកញ្ចប់ធំបំផុតមួយលើពិភពលោក របស់មហាសេដ្ឋីទី៥ក្នុងប្រទេសគឺលោក ​Anthoni Salim ពាណិជ្ជករ​វ័យ៧៥ឆ្នាំ។

 

815d1g Ae Kul. Ac U F894,1000 Q L80

 

 

5868 20230715091831

 

មានទ្រព្យសម្បត្តិសុទ្ធចំនួន១០.៣ពាន់លានដុល្លារ លោក Anthoni Salim គឺជាកូនប្រុសពៅរបស់លោក Liem Sioe Liong ជនជាតិចិនភៀសខ្លួនចូលឥណ្ឌូនេស៊ីក្នុងឆ្នាំ១៩៣៧ ។ ឪពុករបស់គាត់បានដាក់ឈ្មោះខ្លួនឯងតាមជាតិឥណ្ឌូនេស៊ីគឺ Soedono Salim និងបានប្រកប អាជីវកម្មលក្ខណៈគ្រួសារបន្ទាប់ពីទទួលបាន សិទ្ធិអាជីវកម្ម រួមទាំងការផ្តាច់មុខនាំចូល កិននិងចែកចាយម្សៅពីរដ្ឋាភិបាល។

 

លោក Anthoni Salim ជាកូនប្រុសពៅក្នុងចំណោមបងប្អូន៤នាក់ ដែលបានកើតនៅទីក្រុង Kudus ភាគកណ្តាលរបស់ជ្វា។ ជាយុវជនពេញកម្លាំងលោកបានចូលជួយ អាជីវកម្មគ្រួសារនៅឆ្នាំ១៩៧២ បន្ទាប់ពីរៀនចប់នៅអង់គ្លេស។ រកស៊ីច្រើនមុខ ជិត២ទស្សវត្តក្រោយមក​  អាជីវកម្មគ្រួសារបានក្លាយ ក្រុមហ៊ុនសម្ព័ន្ធធំមានឈ្មោះថា Salim Group កាន់កាប់ធនាគារឯកជនក្នុងប្រទេស មានរោងចក្រស៊ីម៉ង់ត៍ រោងម៉ាស៊ីនកិនម្សៅនិងផលិតមី ថាមពលឥន្ធនៈនិងទូរគមនាគមន៍។

 

បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ីបានកើតឡើងក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន Salim Group ចាប់ផ្តើមមានវិបត្តិបំណុល បន្ទាប់​ពី​ខ្ចី​ប្រាក់​ដុល្លារ​យ៉ាង​ច្រើន ហើយប្រាក់​រូពៀក៏​បាន​ធ្លាក់​ចុះ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ ធ្វើឱ្យអាណាចក្រជំនួញគ្រួសារក្រឡប់ចាក់ ជាប់បំណុល៥ពាន់លានដុល្លារ។ (ទិន្នន័យពី Bloomberg)

 

ស្របពេលដែលមានបញ្ហានយោបាយក្នុងប្រទេសផងនាឆ្នាំ១៩៩៨ គ្រួសារ Salim បានភៀសខ្លួនទៅប្រទេសសិង្ហបុរីចំនួន១ខែ។ ត្រឡប់មកទីក្រុង Jakarta វិញកូនប្រុសស្នងជំនួញ លោក Salim Anthoni បានសម្រេចចិត្តប្រគល់ធនាគារឯកជនរបស់ខ្លួនគឺ Bank Central Asia ទៅឱ្យរដ្ឋាភិបាលថ្មី លក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនរាប់សិប និងលក់ទ្រព្យសម្បត្តិផ្សេងទៀតដើម្បីសងបំណុល។

 

ក្នុងឆ្នាំ១៩៩៩ Salim Group ក៏បានលក់ភាគហ៊ុន៤០ភាគរយរបស់ក្រុមហ៊ុន Indofood ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ឥណ្ឌូមី ទៅឱ្យក្រុមហ៊ុន First Pacific ជាក្រុមហ៊ុនវិនិយោគ មានមូលដ្ឋាននៅទីក្រុងហុងកុង​ដើម្បីពង្រីកវិសាលភាពអាជីវកម្មបន្ថែម រហូតបានទូទាត់បំណុលរបស់ខ្លួនអស់នៅ ប្រាំឆ្នាំក្រោយមក។

 

រហូតដល់ដើមឆ្នាំ ២០១៥ ក្រុមហ៊ុន Indofood បានពង្រីកខ្លួនយ៉ាងសកម្មសាងសង់ រោងចក្រមីកញ្ចប់ជាង៣០ប្រទេស នៅទូទាំងឥណ្ឌូនេស៊ី ម៉ាឡេស៊ី មជ្ឈិមបូព៌ា អាហ្វ្រិក និងអឺរ៉ុបខាងកើត និងបានពង្រីកប្រតិបត្តិការ បង្កើនវិស័យលក់រាយជាច្រើន ក្នុងស្រុកដូចជា​ indomaret ឈរជើងរាប់ម៉ឺនហាងនៅឥណ្ឌូនេស៊ី សូម្បីតែ​យីហោ 7Elven ក៏ផ្តួលមិនបាន។

 

យ៉ាងណាមិញនៅឆ្នាំ២០២៣ មីកញ្ចប់ Indomie ក៏ត្រូវបានទទួលស្គាល់ថាជាម៉ាកមីកញ្ចប់ដែលគេជ្រើសរើសច្រើនបំផុតនៅលើពិភពលោក ពីទិន្នន័យក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Kantar។ ​បន្ថែមពីនោះលោក Anthony Salim ក៏បានទទួលងារជាCEO ល្អបំផុតប្រចាំឆ្នាំចំនួន២លើកគឺ The Best CEO in Processed Foods 2023 និង Top CEO Indonesia Awards Top 2024 ៕

 

 

Indomie Indf 1

 

A47a48fc 6753 41f8 83f4 4231ff311843 169

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia