សព្វថ្ងៃនេះមានមនុស្សមិនតិចទេដែលខំធ្វើការរាល់ថ្ងៃ ពីព្រលឹមកប់ព្រលប់ គ្មានពេលឈប់សម្រាក តែមានចំណូលត្រឹមតែមួយច្រក។ តើអ្នកមានដឹងដែរទេថា ជំនាញតែមួយមុខដែលអ្នកកំពុងមានរាល់ថ្ងៃនេះ អាចទាញចំណូលបានច្រើនច្រក មិនមែនតែ១ច្រកដូចដែលឃើញរាល់ថ្ងៃឡើយ?
១. ប្រាក់ខែ៖ គឺជាប្រភេទចំណូលទីមួយ វាជាប្រាក់ដែលបានមកពីការបំពេញការងារជារៀងរាល់ថ្ងៃ ហើយយើងទទួលបានវារាល់ៗខែ និងទៀងទាត់ ដរាបណាយើងនៅតែធ្វើការឱ្យគេ គេនៅតែបើកប្រាក់ខែឱ្យយើង។ វាអាចកើតចេញពីប្រាក់ដែលយើងទទួលបានពីការបម្រើរការងារអោយគេដូចជា នៅក្នុងក្រុមហ៊ុន ស្ថាប័នឯកជន ឬក៏ស្ថាប័នរដ្ឋមួយចំនួន។ ម្យ៉ាងវិញទៀត យើងអាចទទួលបានប្រាក់ខែតិចឬច្រើន គឺអាស្រ័យទៅលើសមត្ថភាព តួនាទី និងទំនួលខុសត្រូវក្នុងការបំពេញការងាររបស់យើង។
២. ប្រាក់ឧបត្ថម្ភ៖ ក្រៅពីប្រាក់ខែគឺយើងអាចទទួលបាននូវប្រាក់ឧបត្ថមចុងឆ្នាំឬក៏ចូលឆ្នាំ និង ប្រាក់ឧបត្ថម្ភផ្សេងៗទៀតពីកន្លែងដែលយើងកំពុងបំពេញការងារ។ ហើយប្រសិនបើយើងខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អយើងនឹងទទួលបានប្រាក់ខែច្រើន ហើយយើងប្រហែលជាអាចមានប្រាក់ឧបត្ថមច្រើនផងដែរ។
៣. ប្រាក់កម្រៃជើងសារ៖ ជាធម្មតានៅក្នុងវ័យធ្វើការ យើងចៀសមិនផុតពីការមានទំនាក់ទំនង ស្គាល់មនុស្សជាច្រើន។ ដូច្នេះអ្នកត្រូវឆ្លៀតឱកាសនេះ កសាងខ្លួនឯងឱ្យក្លាយជាមនុស្សដែលគេអាចទុកចិត្តបាន ស្គាល់គេឱ្យច្រើន ហើយចងទំនាក់ទំនងឱ្យមាំ ព្រោះថាទំនាក់ទំនងល្អគឺជាសម្បត្តិដ៏មានតម្លៃ។
ទន្ទឹមនឹងនោះអ្នកក៏ត្រូវប្រឹកពង្រឹងជំនាញលក់ ព្រោះថាបើលក់បាន អ្នកនឹងមានឱកាសបង្កើតបានចំណូលប្រភេទទី៣ គឺប្រាក់កម្រៃជើងសារ។ កម្រៃជើងសារនេះគឺចង់សំដៅទៅលើដូចជា យើងជួយគេលក់ផ្ទះមួយកន្លែង លក់ដីមួយកន្លែង ឬក៏ជួលឬលក់អចលនទ្រព្យផ្សេងៗទៀត ហើយអ្វីដែលយើងទទួលបានមកវិញនោះគឺប្រាក់កម្រៃជើងសារ (commission) នេះឯង។
៤. ប្រាក់ចំណេញ៖ គឺជាប្រភេទប្រភពចំណូលដែលមានឥទ្ធិពលធំ និងពិសេសបំផុត។ ប្រាក់ចំណេញ គឺកើតចេញមកពីការរកស៊ី ការប្រកបអាជីវកម្មដែលយើងបានបង្កើត វាអាចចេញមកពីហ៊ុនដែលយើងបានទិញ ផលចំណេញពីការវិនិយោគលើផ្សារហ៊ុន វាចេញមកពីអចលនទ្រព្យដែលយើងបានទិញ ដូចជាដីឬក៏ផ្ទះដែលយើងបានទិញពីឆ្នាំមុនឥឡូវវាឡើងថ្លៃ ដូច្នេះវាធ្វើអោយយើងទទួលបានប្រាក់ចំណេញ។
ដើម្បីបង្កើតប្រភពប្រាក់ចំណូលទី៤នេះបាន វាតម្រូវឱ្យយើងពង្រឹងជំនាញដែលខ្លួនមានរាល់ថ្ងៃនេះឱ្យស្រួច បង្កើតទំនាក់ទំនងជាមនុស្សមានគុណតម្លៃឱ្យមាំ ហើយប្រឹងចាប់ឱកាសដែលមាននៅជុំវិញខ្លួន ដោយប្រើប្រាស់ប្រាក់សន្សំដែលបានមកពីប្រាក់ខែ ទុកធ្វើជាដើមទុន៕