ពេលសមាជិក ប.ស.ស. ដែលជាបុគ្គលិក ឬកម្មករនិយោជិតដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន មិនអាចមកធ្វើការបានដោយសារការធ្លាក់ខ្លួនមានជំងឺ ឬជួបគ្រោះថ្នាក់ផ្សេងៗ ដែលមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យព្យាបាល ដែលតម្រូវឱ្យសម្រាកព្យាបាលចាប់ពីថ្ងៃទី៨ ឡើងទៅនោះ ប.ស.ស. នឹងផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃរបស់សាមីខ្លួនដែលជាសមាជិក ប.ស.ស. ដោយរាប់ចាប់ពីថ្ងៃទី១ ដែលសមាជិក ប.ស.ស. បានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស. ។
ការផ្តល់ជូននេះ លុះត្រាតែសមាជិក ប.ស.ស. បានបង់ភាគទានផ្នែកថែទាំសុខភាពមក ប.ស.ស. បានចំនួន ២ខែជាប់គ្នា ឬ៦ខែក្នុងរយៈពេល ១២ខែចុងក្រោយ គិតមកដល់ខែដែលមានបញ្ហាសុខភាព។
ដោយឡែកសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ នឹងទទួលបានប្រាក់បំណាច់មាតុភាព ពី ប.ស.ស. ហើយការផ្តល់ជូននេះ លុះត្រាតែសមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន បានបង់ភាគទានផ្នែកថែទាំសុខភាពមក ប.ស.ស. យ៉ាងតិច ៩ខែក្នុងរយៈពេល ១២ខែចុងក្រោយ គិតមកដល់ខែដែលបានសម្រាលកូន។
គូសបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់បេឡាជាតិសន្តិសុខសង្គម៕