ជាឱកាសសម្រាប់បងប្អូនដែលកំពុងចង់ស្វែងរកដៃគូសហការវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការដាំដំណាំស្លា ដោយកាលពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនចិនធំមួយឈ្មោះ Hainan Taste King Investment Group Holding Co., Ltd. កំពុងស្វែងរកដៃគូក្នុងប្រទេសកម្ពុជាយើងដើម្បីវិនិយោគគម្រោងដាំនិងកែច្នៃដំណាំស្លា។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) លោកស្រី Luo Lihua លេខាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងសហការី ក្រុមហ៊ុន Hainan Taste King Investment Group Holding Co., Ltd. បានមានប្រសាសន៍ថាមុខសញ្ញាអាជីវកម្មរបស់ក្រុមហ៊ុន Hainan Taste King Investment Group Holdings Co., Ltd. គឺការដាំស្លា កែច្នៃ និងលក់។
ជាពិសេស ក្រុមហ៊ុន មានបំណងពិភាក្សាពីកិច្ចសហការ និងវិនិយោគលើដំណាំស្លា និងគម្រោងកិច្ចសហប្រតិបត្តិការផ្នែក កសិកម្ម ជាពិសេស ការស្វែងរកដៃគូវិនិយោគក្នុងស្រុក ដើម្បីវិនិយោគដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃ។ ជាមួយគ្នានេះដែរ លោកស្រីក៏បានបញ្ជាក់ថាក្រុមហ៊ុនមានបំណងនាំចេញផ្លែស្លាដែលដាំនៅប្រទេសកម្ពុជាទៅទីផ្សារចិន និងបណ្តាប្រទេសផ្សេងៗទៀត។
ជាការឆ្លើយតប ឯកឧត្តម យុន ហេង បានជម្រាបជូនថាគម្រោងដាំដើមស្លា និងបង្កើតរោងចក្រកែច្នៃជាគម្រោងដែលបានទទួលបានការលើកទឹកចិត្តអតិបរមា។ ឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនធ្វើការជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដើម្បីរកដៃគូវិនិយោគគម្រោងនេះ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារង់ចាំទទួលស្វាគមន៍ និងផ្តល់កិច្ចសម្រួលសព្វបែបយ៉ាងលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន៕