រដ្ឋនិងក្រុមហ៊ុនចិន ត្រៀមសិក្សាគម្រោងស្ដារផ្លូវទឹកទន្លេមេគង្គប្រវែងជាង១០០គីឡូម៉ែត្រតភ្ជាប់ខេត្ដ-ក្រុង២នេះ
Bunthoeun KoemMAY 9 20251.4 K views

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនចិន CRBC បានបើកកិច្ចប្រជុំដើម្បីពិនិត្យលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវទឹកទន្លេមេគង្គ។ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, ថ្នាក់ដឹកនាំក្រសួង, តំណាងក្រុមហ៊ុន CRBC និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

495621274 1005792235065104 5639664692289642221 N

តាមការបញ្ជាក់ពីក្រសួងសាធារណការនិងដឹកជញ្ជូន កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវទឹកទន្លេមេគង្គ ដែលមានប្រវែង ១០៦គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ ដល់ខេត្តកំពង់ចាម ហើយការសិក្សាគម្រោងនេះសម្រាប់ឱ្យនាវាចំណុះ ៣ ០០០ DWT អាចធ្វើនាវាចរណ៍បានពេញមួយឆ្នាំ ដោយបូមស្តារកំណាត់ផ្លូវទឹកដែលរាក់ ការរៀបចំទីតាំងចាក់អាចម៍ដី និងការបំពាក់នឹងដំឡើងសញ្ញាជំនួយនាវាចរណ៍។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ - ២០៣៣ បានបញ្ជាក់ថា បន្ទាប់ពីស្ដារ និងកែលម្អរូច ផ្លូវទឹកនេះនឹងមានសមត្ថភាពអាចទទួលប្រភេទនាវាសមុទ្រ ដែលមានចំណុះ ៣០០០ តោន និងមានជម្រៅទឹក ៥ ម៉ែត្រ។ តាមការប៉ាន់ស្មានគម្រោងនេះត្រូវការទុនវិនិយោគចំនួន ២៦០ លានដុល្លារ។

495647750 1005792511731743 2828984834970260548 N

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចសមិទ្ធផលដ៏សំខាន់គឺការ រៀបចំច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលទទួលបានការអនុម័តជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ ក្នុងគោលបំណងគ្រប់គ្រង និងអភិវឌ្ឍកំពង់ផែ ក៏ដូចជាជំរុញពាណិជ្ជកម្មផងដែរ។ លើសពីរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតនូវគំនិតផ្តួចផ្តើមនៃគម្រោង “ព្រែកជីកហ្វូណនតេជោ ដែល ជាគម្រោងព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ហើយបច្ចុប្បន្នបានបញ្ចប់ការកំណត់និយាមកា បោះបង្គោលព្រំដី ផ្ទៀងផ្ទាត់ផែនទី សម្រាប់កំណាត់ទី១ (២១ គ.ម.) រួចរាល់។

តាមរយៈផែនការមេគ្រប់ ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ក្រសួង សាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោង និងមានជាគំនិតផ្តួចផ្តើមគម្រោងមួយចំនួន សម្រាប់ការជួយធ្វើឱ្យប្រសើរឡើងបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកទន្លេ និងប្រព័ន្ធភស្តុភារកម្មតាមផ្លូវទឹក នៅកម្ពុជា ដោយបានដាក់ចេញនូវគម្រោងដឹកជញ្ជូនតាមផ្លូវទឹកទន្លេមានចំនួន ២៣គម្រោង ដែល គ្រោងទឹកប្រាក់វិនិយោគសរុបចំនួន ៣ ២៥១លានដុល្លារអាមេរិក ក្នុងនោះគម្រោងរយៈពេលខ្លីនិង មធ្យម (២០២៣-២០២៧) មានចំនួន ១៦គម្រោង ស្មើនឹងទឹកប្រាក់ ២ ៥៦១លានដុល្លារអាមេរិក និងគម្រោងរយៈពេលវែង (២០២៨-២០៣៣) មានចំនួន ៩គម្រោង ស្មើនឹងទំហំទឹកប្រាក់ ៦៩០ លានដុល្លារអាមេរិក។ គួរឱ្យកត់សម្គាល់ផងដែរថា គម្រោងរយៈពេលខ្លីនិងមធ្យម ចំនួន២ នឹងបន្តដល់ ឆ្នាំ២០៣៣៕

494561646 999649725679355 2399625630050369163 N

486574415 1061902575967217 2163804947115862084 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia