កាលពីពេលថ្មីៗនេះក្រុមហ៊ុនអាកាសចរណ៍ Hainan Airlines Holding របស់ប្រទេសចិន គ្រោង ទិញយន្តហោះចំនួន ៤០គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះ Commercial Aircraft Corporation Of China ឬហៅកាត់ថា (COMAC) ក្នុងតម្លៃជាង ១.៥ពាន់លានដុល្លារដើម្បីពង្រីកអាជីវកម្មដឹកជញ្ជូនរបស់ខ្លួន។
យោងតាមសារព័ត៌មាន BNN Bloomberg កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអោយដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Hainan Airlines Holding ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី៤ និងដាក់អ្នកដំណើរបានច្រើនជាងគេទី១០នៅអាស៊ីបានធ្វើការចុះកិច្ចព្រមព្រៀងទិញយន្តហោះប្រភេទ ARJ21-700 ចំនួន៤០គ្រឿង ពីក្រុមហ៊ុន COMAC នៅទីក្រុងសៀងហៃមានតម្លៃសរុប១,៥២ពាន់លានដុល្លារ។ ខណៈមួយគ្រឿងមានតម្លៃ ៣៨លានដុល្លារ និងត្រូវផ្គត់ផ្គង់ជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ ២០៣២។
យ៉ាងណាមិញក្រុមហ៊ុនអាកាសចរណ៍នេះបានបញ្ចាក់ថាខ្លួននៅតែត្រូវការជំនួយរបស់ម្ចាស់ភាគហ៊ុនបន្ថែមនិងគ្រោងខ្ជីធនាគារដើម្បីធ្វើជាមូលនិធិក្នុងការទិញ។
គួររំលឹកផងដែរថា កាលពីខែកញ្ញា កន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ក៏បានប្រកាសពីការទិញយន្តហោះ C919 របស់ក្រុមហ៊ុន COMAC នេះចំនួន ១០០ គ្រឿងផងដែរដែលជាយន្តហោះខ្នាតធំ និងមានតម្លៃសរុបប្រមាណ ១០ ពាន់លានដុល្លារ។ ខណៈការបញ្ចាទិញនេះក្រុមហ៊ុន COMAC នឹងត្រូវផ្ដល់ជូនចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០៣១៕
អត្ថបទ៖ លីណា