ក្នុងនាមជាម្តាយ CEO និងវេជ្ជបណ្ឌិត Wojcickiថា ការទទួលបាននិទ្ទេសល្អឬមិនល្អ ពុំមែនជារឿងសំខាន់ទេ
Kan DaraMARCH 28 2023366 views

លោកស្រី Esther Wojcicki ជាអ្នកអប់រំ និងជាអ្នកនិពន្ធលក់ដាច់បំផុត រួមទាំងចិញ្ចឹមបីបាច់កូនពីរនាក់ឲ្យមានអនាគតល្អក្លាយជា នាយកប្រតិបត្តិ (CEO) និងវេជ្ជបណ្ឌិត បាននិយាយយ៉ាងដូច្នេះថា៖ «ចំណាត់ថ្នាក់ឬនិទ្ទេសដែលអ្នកទទួលបាននៅក្នុងសាលារៀនពិតជាមិនសំខាន់ឡើយ»

ថ្លែងក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅទីក្រុងឌូបៃ នាពេលថ្មីៗនេះ លោកស្រី Wojcicki បានលើកឡើងថា​ ការអប់រំនៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតដែលមានប្រព័ន្ធស្រដៀងគ្នា គឺមានគុណវិបត្តិ ព្រោះវាបន្ទុចបង្អាក់កុមារដែលមានគំនិតច្នៃប្រឌិតខ្ពស់ ប៉ុន្តែមិនអាចអនុវត្តតាមច្បាប់សាលាទាំងស្រុង។ «តើយើងបន្តលើកទឹកចិត្តពួកគេដោយរបៀបណា?» លោកស្រីបានចោទសួរ។ «វិធីលេខមួយដែលខ្ញុំគិតថាយើងត្រូវការដើម្បីលើកទឹកចិត្តសិស្សដែលមានគំនិតច្នៃប្រឌិត គឺយើងត្រូវកាត់បន្ថយសារៈសំខាន់នៃចំណាត់ថ្នាក់ ឬនិទ្ទេស» Wojcicki បានបន្ថែម។

លើសពីនេះ នៅក្នុងកិច្ចប្រជុំនោះលោកស្រីបានជំរុញឱ្យមានការផ្លាស់ប្តូរផ្នែកខ្លះចំពោះប្រព័ន្ធអប់រំរបស់អាមេរិក ដោយកាត់បន្ថយការសង្កត់ធ្ងន់លើចំណាត់ថ្នាក់ឬនិទ្ទេស ដើម្បីជំរុញការច្នៃប្រឌិត និងជំនាញច្នៃប្រឌិតរបស់សិស្ស។ សាស្ត្រចារ្យរូបនេះបានលើកឡើងថា៖ «ចំណាត់ថ្នាក់ល្អត្រូវបានវាយតម្លៃលើស ហើយពុំមែនជាសូចនាករសំខាន់នៃភាពជោគជ័យនាពេលអនាគតរបស់កុមារឡើយ។ ប៉ុន្តែវាគឺជាកត្តាសំខាន់មួយនៅក្នុងរបៀបដែលប្រព័ន្ធអប់រំរបស់ប្រទេសមើលពីភាពជោគជ័យរបស់សិស្ស និងកំណត់ឱកាសរបស់ពួកគេនាពេលអនាគត»

គួរជម្រាបផងដែរថា លោកស្រី Esther Wojcicki មានវ័យ៨១ឆ្នាំ ជាសាស្ត្រចារ្យជាន់ខ្ពស់ម្នាក់បង្រៀននៅសាលា Palo Alto ក្នុងរដ្ឋកាលីហ្វ័រញ៉ាអស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ។ លោកស្រីក៏ជាម្តាយរបស់វេជ្ជបណ្ឌិត និងនាយកប្រតិបត្តិពីរូបផងដែរគឺ អ្នកនាង Anne Wojcicki ជាសហស្ថាបនិក និងជា CEO របស់ 23andMe និងលោកស្រី Susan Wojcicki បានបម្រើការងារនៅក្រុមហ៊ុន Google រយៈពេល២០ឆ្នាំក្នុងនាមជានាយកគ្រប់គ្រងផ្នែកទីផ្សារដំបូងគេ និងក្លាយជានាយកប្រតិបត្តិរបស់បណ្តាញសង្គម Youtube ក្នុងឆ្នាំ២០១៤ ខណៈទើបលាលែងពីតំណែងក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ជាចុងក្រោយលោកស្រី Wojcicki បានលើកឡើងយ៉ាងដូច្នេះថា៖ «រឿងទី១ ដែលអ្នកត្រូវធ្វើ មិនត្រឹមតែសម្រាប់កូនៗរបស់អ្នកទេ ប៉ុន្តែសម្រាប់សិស្សរបស់អ្នកគឺត្រូវឱ្យពួកគេជឿជាក់លើខ្លួនឯង។ ប្រសិនបើទទួលបានចំណាត់ថ្នាក់មិនល្អ បន្ទាប់មកទៅផ្ទះឪពុកម្តាយស្រែកដាក់។ ទង្វើបែបនេះគ្មានប្រសិទ្ធភាពទេ ហើយវាធ្វើឲ្យកូនៗលែងជឿជាក់លើខ្លួនឯងថែមទៀតផង»។ លោកស្រីបានបន្ថែមទៀតថា៖ «យើងត្រូវការកុមារដើម្បីអាចគិតផ្លូវចេញពីបញ្ហាដែលប្រឈមមុខនឹងពិភពលោករបស់យើង។ តែគួរឲ្យសោកស្តាយសាលាដែលត្រូវបានបង្កើតឡើងសព្វថ្ងៃ ពុំធ្វើបែបនេះទេ»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia