មានពលរេដ្ឋខ្មែរមួយចំនួនតែងតែត្អូញត្អែថាហេតុអ្វីធនាគារជាតិចាំបាច់បោះពុម្ពក្រដាសប្រាក់មានទំហំខុសគ្នាពោលគឺមានតូចមានធំ។ ជាក់ស្ដែងក្រដាស៥ពាន់រៀលតូចជាក្រដាស១ម៉ឺនរៀលហើយក្រដាស១ម៉ឺនរៀលតូចជាងក្រដាស៥ម៉ឺនរៀល។ មិនតែប៉ុណ្ណោះក្រដាសប្រាក់មួយចំនួនមានពណ៌ស្រដៀងគ្នាដែលធ្វើឲ្យមានការច្រឡំពេលចាយវាយម្ដងៗ។
ជុំវិញបញ្ហាក្រដាសប្រាក់រៀលមានទំហំខុសគ្នានិងពណ៌ស្រដៀងគ្នានេះដែរ ឯកឧត្ដម យឹម លាត ទេសាភិបាករងធនាគារជាតិនៃកម្ពុជាបានពន្យក់នៅក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពីប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) នៅសួនច្បារសម្ដេចតេជោ-ឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យថាចំពោះទំហំក្រដាសប្រាក់ពេលតម្លៃក្រដាសប្រាក់តូចយើងធ្វើឲ្យតូច ហើយពេលតម្លៃក្រដាសប្រាក់ធំគេផលិតមកឲ្យធំទៅតាមហ្នឹង។
ឯកឧត្ដមបានពន្យល់ទៀតថាការផលិតក្រដាសប្រាក់តូចឬធំសុទ្ធតែមានគោលបំណងពោលគឺបើក្រដាសប្រាក់នោះធំធ្វើឲ្យពលរដ្ឋចងចាំថាក្រដាសប្រាក់នោះមានតម្លៃខ្ពស់។ ឧទាហរណ៍ក្រដាសប្រាក់តូចវាអាចមានតម្លៃទាបដូចជាក្រដាស១០០រៀល ១០០០រៀល។ ចំណែកក្រដាសប្រាក់ធំៗយើងគិតថាជាក្រដាសធំមាន៥ម៉ឺនឬ១០ម៉ឺរៀលជាដើម។
ចំពោះពណ៌ក្រដាសប្រាក់ស្រដៀងគ្នា ឯកឧត្ដម បានពន្យល់ថាពណ៌យើងមានស្នូលគោលមួយបន្ទាប់មកត្រូវលាយជាមួយ៥ពណ៌។ បន្ទាប់ពីលាយហើយ ឧទាហរណ៍ក្រដាស១០០រៀលពណ៌ស្រដៀងទឹកក្រូចដូច្នេះលើពិភពលោកគឺមានតែក្រដាសប្រាករៀលទេដែលមានពណ៌នេះ ហើយប្រទេសផ្សេងៗមិនមានសិទ្ធិយកពណ៌នេះទៅបោះពុម្ពក្រដាសប្រាក់ខ្លួនបានឡើយ។
ឯកឧត្ដមបានបន្ថែមទៀតថាចំពោះពណ៌នៃក្រដាសប្រាក់គឺគេបានគិតល្អិតល្អន់ណាស់ពោលគឺបើការលាយពណ៌មិនបានត្រឹមត្រូវឬលាយងាយស្រួលពេកនោះជនខិលខូចអាចនឹងចម្លងក្រដាសប្រាក់បានជាមិនខានឡើយ។