ស្រ្តីភាគច្រើននៅពេលដែលរៀបការហើយ ពួកគាត់តែងតែបោះបង់ការងារដែលខ្លួនស្រលាញ់ចោល ដើម្បីទុកពេលវេលាមើលថែគ្រួសារក៏ដូចជាមើលថែកូនជាដើម។ ប៉ុន្តែក៏មានស្រ្តីមួយចំនួននៅពេលគាត់ផ្លាស់ប្តូរការងារមកនៅផ្ទះមើលថែគ្រួសារវិញ គាត់តែងតែចង់ឆ្លៀតរកស៊ីនៅផ្ទះដើម្បីជួយរកលុយចូលគ្រួសារជាដើម។ ខាងក្រោមនេះជារបរសាមញ្ញ៣ ដែលស្រ្តីមេផ្ទះអាចឆ្លៀតធ្វើបាន បើចង់បានលុយចាយខ្លួនឯង៖
បងប្អូនមានដឹងទេថា នាពេលនេះបច្ចុប្បន្ននេះមានស្រ្តីច្រើនណាស់ ដែលចង់បានរាងស្អាត សុខភាពល្អ សម្រស់ក្មេងខ្ចីផងដែរ។ ប៉ុន្តែភាគច្រើនពួកគាត់រវល់ធ្វើការគ្មានពេលគ្រប់គ្រាន់ដើម្បីធ្វើម្ហូបបែបសម្រកគីឡូទៅធ្វើការនោះឡើយ ដូច្នេះនេះជាឱកាសល្អខ្លាំងមែនទែន ប្រសិនជាបងប្អូននៅផ្ទះហើយចង់បានចំណូល យើងអាចឆ្លៀតពីការមើលកូនបងប្អូនអាចធ្វើម្ហូបសម្រកគីឡូលក់បាន។ ប៉ុន្តែមុខរបរម្ហូបនេះដែរ មិនមែនឱ្យតែចង់ធ្វើលក់គឺសុទ្ធសឹងតែលក់ដាច់ទាំងអស់នោះឡើយ វាទាមទារឱ្យយើងធ្វើលក់មានអនាម័យល្អ មានសោភ័ណភាពឱ្យស្អាត ក៏ដូចចេះធ្វើទីផ្សារជាដើម។
ដូចនេះនាពេលបងប្អូនចាប់អារម្មណ៍នៅរបរនេះ គឺត្រូវតែឧស្សាហ៍ផុសនៅលើបណ្តាញសង្គម Tik Tok, Facebook Instragarm ជាដើមហើយត្រូវតែផុសលក់ឱ្យបានទៀងទាត់បង្ហាញនៅមុខម្ហូបប្លែកៗរាល់ថ្ងៃទើបអាចទាក់ចិត្តអតិថិជនបាន។
២. រៀនធ្វើវីដេអូ
ពីមួយថ្ងៃទៅមួយថ្ងៃបច្ចេកវិទ្យាកាន់តែជឿនលឿនមធ្យោបាយនៅក្នុងការរកប្រាក់ក៏កាន់តែងាយស្រួល ជាពិសេសការរកលុយតាមរយៈបណ្តាញសង្គម ក៏កាន់តែមានភាពងាយស្រួលជាងមុន ហើយសព្វថ្ងៃនេះមានស្រ្តីមេផ្ទះខ្មែរមិនតិចនាក់នោះទេដែលកំពុងរកប្រាក់ចំណូលតាមវិធីនេះ ដោយពួកគាត់ថតជាសកម្មភាពប្រចាំថ្ងៃ សកម្មភាពធ្វើម្ហូប ដាំបន្លែ និងតាមរយៈវីដេអូបែបកំសាន្តជាដើម។
ហេតុនេះសម្រាប់បងប្អូនស្រ្តីដែលជាស្រ្តីមេផ្ទះក៏អាចសាកល្បងមធ្យោបាយរកលុយតាមវិធីនេះបានដូចគ្នា ក្រៅពីការរកលុយតាមរយៈបណ្តាញសង្គម យើងក៏អាចបានប្រាក់ចំណូលមួយផ្នែកពីការផ្សព្វផ្សាយផលិតផលរបស់អ្នករកស៊ី ឬ យើងអាចច្នៃភាពល្បីល្បាញរបស់ខ្លួនឯងក្នុងការបង្កើតអាជីវកម្មបានថែមទៀតផង។
៣. កាត់ដេរសម្លៀកបំពាក់
ការងារកាត់ដេរនេះជាការងារដ៏ល្អមួយសម្រាប់ស្រ្តីមេផ្ទះ ខណៈបច្ចុប្បន្នរបរនេះកំពុងមានការចាប់អារម្មណ៍រៀនជាច្រើន ព្រោះតែការងារនេះងាយស្រួលមិនសូវប្រើកម្លាំងច្រើនហើយអាចធ្វើបាននៅផ្ទះ ទោះបីជារបរនេះមានការពេញនិយមតាមខែតាមវេលាប៉ុន្តែបើស្នាដៃល្អ ពូកែ មិនខ្វះទេភ្ញៀវតិចច្រើនៗនៅតែមានជាបន្តបន្ទាប់ ។ ហើយពេលខ្លះទំនេរពីការកាត់សម្លៀកបំពាក់ឱ្យភ្ញៀវ យើងក៏អាចឆ្លៀតកាត់ជាអាវរាប់ឬខោរាប់លក់បានជាបន្តជាប់បានផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រៅពីរបរទាំង៣ ខាងលើក៏នៅមានរបរផ្សេងៗទៀតដែលស្រ្តីមេផ្ទះនៅតាមបណ្តាលខេត្តអាចធ្វើបានផងដែរ ដែលមានដូចជា ជាងសាឡន លក់គ្រឿងទូរស័ព្ទ លក់អនឡាញ និងរបរលក់ដូរផ្សេងៗទៀត៕