ផ្នត់គំនិត៧យ៉ាង ​អ្នកមានទ្រព្យសម្បត្តិពិតប្រាកដតែងធ្វើ ខណៈអ្នកមានទ្រព្យសម្បត្តិក្លែងក្លាយមិនចូលចិត្តធ្វើឡើយ
Ping Chou EngNOVEMBER 25 202416 views

លុយ១លានដុល្លារ បើគេយកទៅឱ្យមនុស្សពីរនាក់ផ្សេងគ្នា ដោយម្នាក់មានផ្នត់គំនិតជាអ្នកមានពិតប្រាកដនិងម្នាក់មានផ្នត់គំនិតជាអ្នកមានក្លែងក្លាយ លុយនោះក៏មានវាសនាខុសដែរ។ ដូច្នេះថ្ងៃនេះយើងសូមលើកឡើងយកនូវផ្នត់គំនិត៧យ៉ាងដែល ​អ្នកមានទ្រព្យសម្បត្តិពិតប្រាកដតែងធ្វើ ខណៈអ្នកមានទ្រព្យសម្បត្តិក្លែងក្លាយមិនចូលចិត្តធ្វើឡើយ។  (Fake Rich & Wealthy People) 

 

. សាងទ្រព្យ ៖ អ្នកមានទ្រព្យសម្បត្តិពិតប្រាកដគឺជាអ្នកដែលសាងទ្រព្យច្រើនជាងសាងលុយ ដោយការសាងទ្រព្យទាំងនោះមានដូចជាសាងសុខភាព សាងចំណេះដឹង-បទពិសោធន៍ សាងភាពសុខភាពផ្លូវចិត្ត សាងទំនាក់ទំនង សាងលំហូរប្រាក់ចំណូលនិងសាងអាជីព។

 

ខណៈអ្នកមានក្លែងក្លាយមិនបានសាងទ្រព្យទាំងនេះទេ ហើយពួកគេព្យាយាមស្វែងរកលុយ ច្រើនជាងទ្រព្យសម្បតិ្តក្នុងជីវិត តែងតែចាយលុយខុសផ្លូវ ប្រើលុយសម្តែងហ៊ឺហា ប៉ុន្តែសមត្ថភាពតូចជាងលុយដែលរកបាន ដូច្នេះហើយលុយនោះក៏នឹងងាយអស់ទៅវិញយ៉ាងឆាប់រហ័សដែរ ជួនកាលពេលសមត្ថភាពតូចជាងលុយដែលមាន គេក៏ជ្រុលខ្លួនយកទៅប្រព្រឹត្តិអបាយមុខ ដោយសារខ្វះបញ្ញា លុយរីកធំលឿនជាងម្ចាស់។ 

 

. រៀនមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ៖ អ្នកមានពិតប្រាកដអាចសាងទ្រព្យបានដោយសារពួកគេបានរៀនមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ និងបន្តរៀនជាបន្តបន្ទាប់ទៀត ដើម្បីមានចំណេះដឹង ចំណេះធ្វើ អាចកសាងទ្រព្យដោយផ្លូវត្រឹមត្រូវ និងមានហានិភ័យតិចតួច។ ខុសពីអ្នកមានក្លែងក្លាយដែលមិនរៀនមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ ចង់មានបានដោយផ្លូវកាត់ ជឿរឿងអ្វីងាយៗ ស្រួលៗ ធ្វើឱ្យងាយធ្លាក់ខ្លួនចាញ់បោកគេ ផុងក្នុងបំណុលដោយមិនដឹងខ្លួន។​

 

. មានក៏ប៉ុនហ្នឹង មិនមានក៏ប៉ុនហ្នឹង៖ អ្នកមានពិតប្រាកដចូលចិត្តរស់តាមការកំណត់ តាមលទ្ធភាពដែលមាន មិនឱ្យសម្ភារនិយមអូសទាញបានងាយៗ ព្រោះបានពិចារណាទៅការប្រើលុយរយៈពេលវែង មិនជះលុយចោលដើម្បីសប្បាយមួយពេលនោះទេ។ ខុសពីអ្នកមានក្លែងក្លាយដែលតែងតែចាយ ប្រើលុយគ្មានដែនកំណត់ មិនសូវអត់ធ្មត់និងពិចារណានោះឡើយ ឱ្យតែមានលុយគឺចាយទៅលើការសប្បាយហ៊ឺហា។ 

 

. ចាប់សន្សំពីលុយសេន៖ អ្នកមានពិតប្រាកដមិនរង់ចាំរហូតដល់មានលុយច្រើនទើបសន្សំនោះទេ ពួកគេតែងសន្សំលុយដែលមាន ទោះជាចំណូលតិចតួចយ៉ាងណាក៏ដោយដាច់ខាតគឺដកសន្សំ ឧទារហណ៍បើមាន១៥ដុល្លារ ត្រូវតែដក៥ដុល្លារដើម្បីសន្សំ។ ខណៈអ្នកមានក្លែងក្លាយតែងតែយល់ថា មានចំណូលច្រើនសិនចាំសន្សំ ឬចាយសិនចាំសន្សំតាមក្រោយ​ ធ្វើឱ្យខាតពេលខាតអាយុ។

 

. ទុកលុយជា​ឧបករណ៍៖ អ្នកមានពិតប្រាកដទុកលុយជាឧបករណ៍សម្រាប់កសាងសេរីភាព ជាវត្ថុដែលប្រើសម្រាប់បង្កើតទ្រព្យ បង្កើនបទពិសោធន៍និងចែករំលែកទៅកាន់សង្គម។ ខណៈអ្នកមានក្លែងក្លាយមើលឃើញលុយជាអាទិទេព ទុកលុយជាទេវតាអាចប្រើដោះស្រាយគ្រប់បញ្ហា សូម្បីតែកែកំហុសឬបិទបាំងភាពមិនត្រឹមត្រូវរបស់ខ្លួន។

 

. ចំណាយពេលច្បាស់លាស់៖ អ្នកមានទ្រព្យពិតប្រាកដគឺជាប្រភេទបុគ្គលដែលមានផែនការច្បាស់លាស់ទៅលើគោលដៅដែលគេចង់ធ្វើ ដូច្នេះការចំណាយពេលវេលារបស់ពួកគេមានគឺប្រសិទ្ធិភាពទៅលើការសម្រេចចិត្ត ដែលមានទិន្នន័យច្បាស់លាស់ មានការសិក្សាត្រឹមត្រូវមិនងាយចាញ់បោកគេទេ ជាក់ស្តែងលើការវិនិយោគលុយជាដើម គេប្រើពេលសិក្សានិងពិចារណាច្បាស់ហើយទើបសម្រេចចិត្តគិតមុនគូរ។ 

 

ខុសពីអ្នកមានក្លែងក្លាយធ្វើការសម្រេចចិត្តផ្អែកលើអារម្មណ៍  គ្មានផែនការច្បាស់លាស់នៅពេលដែលចង់ធ្វើអ្វីមួយ តាមតែគេញាក់ ដាក់អន្ទាក់បានងាយៗ ដល់ដំណាក់កាលមានបញ្ហាប្រើលុយឱ្យដោះស្រាយគ្រប់យ៉ាងជំនួស រហូតផុងខ្លួនក្នុងបំណុលក៏មាន។

 

. វិន័យជាជោគវាសនា៖ អ្នកមានទ្រព្យប្រាកដមិនអាចក្លាយជាអ្នកមានបានត្រឹមពេលមួយយប់នោះទេ ហើយក៏មិនចង់ប្រកួតដើម្បីឈ្នះគេត្រឹមមួយដង្ហើមនោះដែរ។ ពួកគេតែងមានវិន័យផ្ទាល់ខ្លួន ជាអ្នកដឹកនាំលត់ដំខ្លួនឱ្យសម្រេចជោគវាសនារយៈពេលវែងនិងជាប្រចាំ។ នៅពេលគេមានគំនិតគេយកមកប្រើ គិតហើយយកមកអនុវត្ត អនុវត្តហើយបន្តគិតទៀតរហូតក្លាយជាវិន័យខ្ជាប់ខ្ជួន។

 

ខុសពីអ្នកមានក្លែងក្លាយចង់មានបានផ្លូវកាត់  ឆាប់បោះបង់ពេលគ្មានផលភ្លាមៗ ដូច្នេះគេមិនអាចក្លាយជាអ្នកវិនិយោគបង្កើនទ្រព្យរយៈពេលវែង ត្រូវការពេលយូរដើម្បីចំណេញនោះដែរ។

 

យ៉ាងណាមិញតាមរយៈការសិក្សាជាច្រើនដូចៗគ្នាគេតែងលើកឡើងថា "លុយកើតចេញពីគំនិតមក មនុស្សជាអ្នកបង្កើត វា ជាអ្នកឱ្យតម្លៃទៅលើវា ដូច្នេះប្រសិនបើអ្នកកាន់កាប់វាមានអត្តចរិតបែបណា វាសនារបស់លុយក៏បែបនោះដែរ"៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia