យោងតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា មន្ទីរពេទ្យអន្តរជាតិមិត្តភាព អង្គរជប៉ុន នឹងរៀបចំកម្មវិធីពិនិត្យវាស់កម្រិតនៃការមើលឃើញនិងជំងឺទឹកដក់ក្នុងភ្នែកជូនពលរដ្ឋឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង ០៨:៣០ នាទីព្រឹក រហូតដល់ម៉ោង ១៦:០០ នាទីរសៀល ស្ថិតក្នុងបរិវេណរបស់មន្ទីរពេទ្យ អន្តរជាតិ មិត្តភាព អង្គរជប៉ុន ដែលមានទីតាំងនៅភូមិចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
លិខិតដដែលបានបន្តឱ្យដឹងទៀតថា បើសិនជាបងប្អូនមានបញ្ហាដូចបានរៀបរាប់ខាងលើនេះ សូមនិមន្តនិងអញ្ជើញ ទៅធ្វើការពិនិត្យវាស់កម្រិតនៃការមើលឃើញ និងជំងឺទឹកដក់ក្នុងភ្នែក តាមកាលបរិច្ឆេទ និងទីតាំងដែលបាន បញ្ជាក់ខាងលើ។ ព័ត៌មានលម្អិតសូមទំនាក់ទំនាក់ទូរសព្ទលេខ ០៧៦ ៦៧៧៧ ៨៧៩ / ០៨៧ ៧៨៩ ១៥០ ឬ០៩៧ ៧៧៩៩ ៨៨២។
ជាចុងក្រោយ រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណដល់មន្ទីរពេទ្យ អន្តរជាតិ មិត្តភាព អង្គរជប៉ុន និងជាពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ទាំងអស់គ្នា ដែលជារឿយៗធ្វើការពិនិត្យវាស់កម្រិតនៃការមើលឃើញ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែកដោយ ឥតគិតថ្លៃ ជូនដល់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ អ្នកជំងឺ ក្នុងខេត្តសៀមរាប៕