មានការងារជាបុគ្គលិកជាន់ខ្ពស់ ផ្នែកធនធានមនុស្សអស់រយៈពេល១៥ឆ្នាំនៅក្រុមហ៊ុន Facebook អ្នកនាង Chikara Kennedy ដែលជាជនជាតិមិចស៊ិចកូ-អាមេរិក ត្រូវបានក្រុមហ៊ុន Meta បញ្ឈប់ពីការងារក្នុងចំណាមបុគ្គលិក១ម៉ឺននាក់ផ្សេងទៀតដែរ កាលពីឆ្នាំ២០២៣កន្លងទៅ ទោះនាងជាបុគ្គលិកឆ្នើមក្តី។
ថ្លែងប្រាប់ Business Insider ស្រ្តីមេម៉ាយវ័យ៤២ឆ្នាំ រូបនេះបានឱ្យដឹងថានៅពេល Facebook ត្រៀមកាត់បុគ្គលិកគឺរូបខ្លួននេះហើយជាអ្នករៀបចំការងារនេះ ប៉ុន្តែអ្នកស្រីមិនដឹងថាតួនាទីខ្លួនក៏ត្រូវប៉ះពាល់ផងដែរបន្ទាប់ពីសារដែលក្រុមហ៊ុនបានផ្ញើចូលមក។
យ៉ាងណាមិញក្នុងនាមជាអ្នកដឹកនាំម្នាក់មានលទ្ធផលការងារល្អ Kennedy នាងក៏មានការភ្ញាក់ផ្អើលនិងខ្មាសអៀនបន្តិចផងដែរ ដែលត្រូវបានគេបញ្ឈប់ពីការងារដូច្នេះ តែនាងបានបញ្ជាក់ថានាងមិនសោកស្តាយទេព្រោះការបាត់បង់នេះបានផ្តល់មេរៀនជីវិតចំនួន៣ វាមានតម្លៃជាងស្លាកឈ្មោះតំណែងនិងប្រាក់ខែរបស់នាង។
១. គ្រប់យ៉ាងគឺតែងផ្លាស់ប្តូរ៖ នៅពេលធំឡើង យើងត្រូវបានគេបង្រៀនថា ប្រសិនបើអ្នកទៅសាលារៀន ទទួលបានពិន្ទុល្អ និងអាចមានការងារល្អ។ ពិតណាស់ Kenedy នាងថាខ្លួនធ្វើការឱ្យ Meta ជិត១៥ ឆ្នាំ ជាបុគ្គលិកឆ្នើមនៅកម្រិតខ្ពស់ ទទួលបានការវាយតម្លៃខ្ពស់ ហើយក៏មានបណ្តាញទំនាក់ទំនងល្អៗ។ ប៉ុន្តែអ្វីដែលជាបទពិសោធន៍ទាំងនេះវាគ្រាន់តែជាដំណាក់កាលជីវិតរបស់យើងប៉ុណ្ណោះ អ្វីៗនឹងកន្លងផុតទៅ មិនថាជាភាពបរាជ័យឬសមិទ្ធិផលជោគជ័យនោះទេ។
២. ការមើលមកខ្លួនឯងគឺសំខាន់ជាង៖ ក្រោយពេលគេបញ្ឍប់ពីការងារដ៏មមាញឹក Kenedy នាងបានយកពេលសម្រាកលំហែកម្សាន្តទៅកន្លែងដែលនាងមិនធ្លាប់ទៅ ធ្វើទំនាក់ទំនងជាមួយមនុស្សថ្មីៗគ្រប់វណ្ណៈ បិទបណ្តាញសង្គម ធ្វើសមាធិ ពេលនោះទើបនាងដឹងថារបៀបឆ្លុះបញ្ចាំងមកកាន់ខ្លួនឯង និងពេលវេលាដែលយើងមើលនិងប្រាប់ចម្លើយ មកកាន់ខ្លួនឯងគឺសំខាន់ជាងការទទួលស្គាល់និងដឹងឭពីអ្នកដទៃទៅទៀត។ ដូច្នេះការបញ្ឈប់ការងារមិនមែនជាការឆ្លុះបញ្ចាំងទាំងស្រុងអំពីមនុស្សម្នាក់នោះទេ។
៣. ការប្រឈមធំជាឱកាសថ្មី៖ បន្ទាប់ពីសម្រាកលំហែ Kenedy ក៏ទទួលបានចម្លើយថានាងចង់បន្ត យកចំណុចខ្លាំងរបស់ខ្លួនឯងទៅអភិវឌ្ឍន៍អ្វីមួយផ្សេងទៀត ហើយនោះគឹជាការបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបសនាង។ ជារឿងធម្មតាទេគ្មាននរណាដែលគេបញ្ឈប់ពីការងារហើយមិនខូចចិត្តនោះទេ ប៉ុន្តែប្រសិនបើអ្នកកំពុងឆ្លងកាត់ការបញ្ឈប់ការងារ សូមប្រើការប្រឈមនោះជាឱកាសដើម្បីស្វែងយល់ថាអ្នកជានរណា និងអ្វីដែលអ្នកចង់បានបន្ទាប់។
នៅពេលដែលបញ្ហាប្រឈមធំបំផុតចូលមកក្នុងជីវិតរបស់យើង សូមចងចាំវានឹងអាចនាំយើងទៅទម្លុះរនាំងដ៏ធំមួយហើយនាំយើងទៅជួបអ្វីមួយផ្សេងទៀត ប្រសិនបើយើងសុខចិត្តធ្វើការងារនោះដោយពេញចិត្ត។
ចាប់តាំងពីការបញ្ឈប់របស់ក្រុមហ៊ុន Meta មកដល់បច្ចុប្បន្ននេះអ្នកនាង Chikara Kennedy បានក្លាយជាគ្រូបង្វឹកក្នុងក្រុមហ៊ុនចិត្តសាស្រ្តផ្ទាល់ខ្លួន ដែលមានតួនាទីដឹកនាំស្ត្រីមកពីគ្រប់វិជ្ជាជីវៈនិងគ្រប់មជ្ឈដ្ឋាន ដែលជួបវិបត្តិផ្លូវចិត្ក៕
អត្ថបទដោយ៖ ពីង ជូអេង