ស្ពៃក្តោប គឺជាបន្លែមួយប្រភេទដែលមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយសារធាតុចិញ្ចឹមផងដែរ។ ជាទូទៅប្រជាជនខ្មែរតែងមើលរំលងបន្លែមួយប្រភេទនេះនៅពេលពួកគាត់ដើរផ្សារម្តងៗ ដោយគិតថាស្ពៃក្តោបជាបន្លែដែលពិបាកដាំ ដូច្នេះកសិករប្រាកដជាប្រើប្រាស់ថ្នាំគីមីច្រើននៅពេលដាំ ឬនាំចូលពីប្រទេសជិតខាងជាដើម។ តាមពិតទៅស្ពៃក្តោប ជាបន្លែមួយក្នុងចំណោមបន្លែជាច្រើនប្រភេទដែលងាយស្រួលក្នុងការដាំ ហើយគេអាចដាំវានៅតាមផ្ទះបានទៀតផង។
អាស្រ័យហេតុនេះ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការបរិភោគ បងប្អូនអាចឆ្លៀតពេលសាកល្បងដាំស្ពៃក្តោបនៅផ្ទះដោយខ្លួនឯងបានដោយអនុវត្តតាមវិធីងាយៗដូចខាងក្រោមនេះ៖
គេអាចរកទិញគ្រាប់ពូជបាននៅតាមទីផ្សារ ឬដេប៉ូលក់គ្រាប់ដំណាំ និងថ្នាំកសិកម្មនានាផងដែរ។ មុនពេលយកគ្រាប់ដាំ គេគ្រាន់តែយកគ្រាប់ពូជដាក់ត្រាំទឹកក្តៅដែលមានសីតុណ្ហភាពប្រមាណ ៥០ អង្សារ C ទុកចោលរយៈពេល ៣០ នាទី រួចយកទៅ បណ្តុះជាការស្រេច។
ក្រោយមកទៀត គេជ្រើសរើសយកកូនដែលមានសុខភាពល្អទៅដាំក្នុងថូតូចល្មម ឬបាវស៊ីម៉ង់ត៍ដើម្បីងាយស្រួលក្នុងការថែទាំ ហើយក៏ជាវិធីសាស្ត្រល្អសម្រាប់អ្នកដែលមានទីធ្លាតូច ដោយក្នុង ១ ថូ គេអាចដាំបាន ១ ទៅ ២ កូនស្ពៃក្តោប។
- ការថែទាំ
ចំពោះការថែទាំវិញ គួរតែស្រោចទឹក ១ ទៅ ២ ដងក្នុង ១ ថ្ងៃ នៅពេលព្រឹក និងពេលរសៀល។ នៅពេលស្ពៃក្តោបមានអាយុចន្លោះពី ៣០ ទៅ ៤៥ ថ្ងៃ គេក៏អាចបន្ថែមជីលាមកសត្វ ឬជីសរីរាង្គដើម្បីឲ្យស្ពៃលូតលាស់ធំធាត់ល្អជាដើម។ ម្យ៉ាងវិញទៀត នៅពេលដែលស្ពៃចាប់ផ្តើមក្តោប គឺវាក្តោបពីស្រទាប់ខាងក្នុងមកវិញ ពោលគឺមិនមែនក្តោបពីស្លឹកធំខាងក្រៅនោះទេ។ ក្នុងកំឡុងពេលនេះដែរ អាចមានសត្វល្អិត ឬដង្កូវចោះក្តោបរបស់វា ដូចនេះ គួរតែឆ្លៀតពេលពិនិត្យ និងកំចាត់ដង្កូវផងដែរ។
- ការប្រមូលផល
គេអាចប្រមូផលនៅពេលស្ពៃមានអាយុចន្លោះពី ២ ទៅ ៣ ខែកន្លះ ហើយអាចយកទៅធ្វើម្ហូបផ្សេងៗតាមចំណង់ចំណូលចិត្ត។ បន្ទាប់ពីកាត់ស្ពៃរួច គេជ្រុំ និងហាលដីចន្លោះពី ១០ ទៅ ១៥ ថ្ងៃ មុនពេលដែលគេដាំស្ពៃក្តោបថ្មី។
ក្រៅពីស្ពៃក្តោប នៅមានដំណាំជាច្រើនទៀតដែលគេអាចដាំបាននៅតាមផ្ទះដោយងាយៗ ដូច្នេះ គួរតែសាកល្បងដាំបន្លែផ្សេងៗ ដើម្បីបំពេញតម្រូវការក្នុងរបបអាហារប្រចាំថ្ងៃ កាត់បន្ថយចំណាយ សុវត្ថិភាពក្នុងការបរិភោគ ហើយថែមទាំងអាចលក់បានទៀតផង៕
អត្ថបទដោយ៖ ដារ៉ូ