ក្រុមហ៊ុន YACHIYO Engineering Co., Ltd. គឺជាក្រុមហ៊ុនធំបំផុតមួយរបស់ជប៉ុនដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យវិស្វកម្ម ដែលត្រូវបានង្កើតឡើងតាំងពីឆ្នាំ ១៩៦៣។ បច្ចុប្បន្នក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងជាច្រើន និងចម្រុះនៅក្នុងប្រទេសជាង១០០ ជុំវិញពិភពលោក។
ជាមួយគ្នានោះដែរ កាលពីថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក DEMIZU Shigemitsu ប្រធានក្រុមហ៊ុន YACHIYO Engineering Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅក្នុងជំនួបនេះ ក្រុមហ៊ុន YACHIYO Engineering Co., Ltd. ក៏បានបង្ហាញបំណងពង្រីកការវិនិយោគលើគម្រោងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុផងដែរ។ លោក DEMIZU Shigemitsu ក៏បានជម្រាបជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថាចំពោះគោលបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនលើការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុនេះនឹងនាំមកជាមួយនូវបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុនបានបន្តទៀតថា ក្រុមហ៊ុនមានបច្ចេកវិទ្យាទំនើបក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងតាមទឹកកខ្វក់ ដែលនឹងរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការលើកកម្ពស់អនាម័យសាធារណៈ ក៏ដូចជាការចូលរួមអភិវឌ្ឍទីក្រុងឆ្លាត។
ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលកំពុងវិនិយោគលើគម្រោងការកែច្នៃសំណល់នៅកម្ពុជា។ សម្តេចបវរធិបតី ក៏បានបញ្ជាក់ថារាជរដ្ឋាភិបាលគាំទ្រគោលបំណងពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់នេះសម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុផ្ទាល់ផងដែរ៕